សញ្ញាទាំង៨ ដែលបញ្ជាក់ថាអ្នក ជាម្តាយដ៏ល្អ ទោះអ្នកមានអារម្មណ៍ថាអ្នកមិនទាន់បំពេញតួនាទីបានគ្រប់គ្រាន់ក្តី - TrueID

សញ្ញាទាំង៨ ដែលបញ្ជាក់ថាអ្នក ជាម្តាយដ៏ល្អ ទោះអ្នកមានអារម្មណ៍ថាអ្នកមិនទាន់បំពេញតួនាទីបានគ្រប់គ្រាន់ក្តី

November 10, 2020

ការអប់រំ​ ចិញ្ចឹមបីបាច់​និងទូន្មានកូន ទោះបីវាជាតួនាទីរបស់ម្តាយឪពុកគ្រប់រូបក្តី​ តែតួនាទីបែបនេះតែងតែជាបន្ទុកធ្ងន់ទៅលើម្តាយជាជាងលើឪពុកព្រោះម្តាយជាអ្នកបង្កើតកូនដោយផ្ទាល់ និងមានពេលវេលាច្រើនក្នុងការមើលថែកូនៗដោយផ្ទាល់ដៃ។​យ៉ាងណាមិញ​ ដោយសារតែសង្គមផ្តោតទៅលើតួនាទីម្តាយទៅលើភារកិច្ចចិញ្ចឹមអប់រំកូនៗបែបនេះហើយបានជាម្តាយគ្រប់រូបតែងតែមានការបារម្ភ​ និងសង្ស័យថាខ្លាចខ្លួនមិនអាចបំពេញតួនាទីជាម្តាយដ៏ល្អម្នាក់គ្រប់គ្រាន់។

យ៉ាងណាមិញ​ ឈប់បន្ទោសខ្លួនឯថាមិនទាន់ល្អគ្រប់គ្រាន់ទៀតទៅ​ប្រសិនជាអ្នកជាម្តាយដែលមាន​​ ៨ចំណុចនេះ​ បានន័យថាអ្នកគឺជាម្តាយដ៏ល្អរួចទៅហើយ​ ៖​

១. អ្នកបន្ទោសខ្លួនឯង

នៅក្នុងមុខតួនាទីចិញ្ចឹមបីបាច់​និងអប់រំកូន ម្តាយពិតជាមានតួនាទីសំខាន់ខ្លាំងណាស់​ហេតុនេះប្រសិនជាអ្នកមានអារម្មណ៍សង្ស័យខ្លួនឯង​ ឬបន្ទោសថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ពេញលក្ខណៈបានន័យថាអ្នកបាននឹងកំពុងតែបំពេញតួនាទីជាម្តាយបានល្អហើយ​បានជាអ្នកតែងតែសង្ស័យខ្លាចខ្លួនធ្វើមិនទាន់បានល្អបែបនេះ។ដូច្នេះទោះបីជាពេលនេះអ្នកអប់រំ​​ និងចិញ្ចឹមកូនមិនទាន់ល្អឥតខ្ចោះ​ តែពេលនេះអ្នកក៏បានយល់ដឹងពីវិធីនៃការអប់រំទូន្មានផ្តល់ចំណេះជំនាញដល់កូន​ពិសេសយល់ថាអ្វីដែលខុស​ ឬត្រូវ​ ដើម្បីបង្រៀនកូនៗរបស់អ្នក។

២.​ អ្នកមានអារម្មណ៍ហត់នឿយ

ប្រសិនជារាល់ថ្ងៃនេះការមើលការខុសត្រូវកូនរបស់អ្នកធ្វើឱ្យអ្នកមានអារម្មណ៍ថាហត់នឿយ​ និងមានអារម្មណ៍ធុញថប់ពេលខ្លះ​ វាមិនមែនបានន័យថាបំពេញតួនាទីជាម្តាយមិនបានល្អគ្រប់គ្រាន់នោះទេ។​​ផ្ទុយទៅវិញ​ ភាពហត់នឿយរបស់អ្នកបានបង្ហាញថា អ្នកបានប្រឹងប្រែងទាំងកាយទាំងចិត្តក្នុងការអប់រំ​និងចិញ្ចឹមបីបាច់កូន​ពេក រហូតធ្វើឱ្យរាងកាយមិនអាចទ្រទ្រង់រួច​​ ហេតុនេះហើយកាន់តែហត់​បានន័យថាអ្នកគឺជាម្តាយដ៏ល្អម្នាក់ហើយ។

៣.​​ ធ្វើតាមមនសិការ​និងវិចារណញ្ញាណខ្លួនឯង

ការអប់រំ​ និងការចិញ្ចឹមបីបាច់កូនមិនមែនត្រូវស្តាប់សម្តីអ្នកដទៃជុំវិញអ្នកពេកនោះទេ​ ព្រោះកូនគឺជាកូនអ្នក​អ្នកប្រាកដជាយល់ច្បាស់ពីកូនរបស់អ្នក។ ហេតុនេះហើយ ការមើលថែកូន និងចិញ្ចឹមបីបាច់កូនប្រសិនជាអ្នកតែងតែធ្វើតាមមនសិការ​ និងវិចារណញ្ញាណខ្លួនឯង​ ដឹងថាអ្វីធ្វើ​ឬអ្វីមិនគួរធ្វើដោយមិនផ្តេកផ្តួលលើគំនិតអ្នកដទៃនោះ​ បានន័យថាអ្នកជាម្តាយដ៏ល្អមួយរូបហើយ។

ម្តាយល្អធ្វើតាមមនសិការខ្លួនឯង
ម្តាយល្អធ្វើតាមមនសិការខ្លួនឯង

៤.​ អ្នកតែងតែរៀនពីកូនៗរបស់អ្នក

តើអ្នកដឹងទេកូនៗរបស់អ្នកអាចជាគ្រូដ៏ល្អសម្រាប់អ្នកព្រោះតែគំនិតក្មេងៗគឺជាគំនិតមិនទាន់ដឹងអី​​​ គឺជាគំនិតបរិសុទ្ធ​​ និងជាក្រដាស​ ស​ មិនទាន់ប្រឡាក់ដាមនូវរ៉ាវផ្សេងៗនៅក្នុងជីវិត​ដែលគំនិតក្មេងខ្ចីនេះអាចនឹងផ្តល់នូវរឿងរ៉ាវថ្មីៗប្លែកៗដែលអ្នកមិនធ្លាប់បានដឹងក៏មាន។ដូច្នេះហើយប្រសិនជាអ្នកជាម្តាយ​ចេះស្តាប់ និងវិភាគការរៀបរាប់របស់គំនិតកូនៗរបស់អ្នកដោយការពិចារណា​ដោយមិនប្រកាន់ថាខ្លួនជាមនុស្សធំ​ និងជាការយល់ដឹងជាងកូននោះ​ បានន័យថាអ្នកជាម្តាយដ៏ល្អហើយ។

៥.​ តែងតែប្រាកដចិត្តថាកូនរបស់អ្នកបានញ៉ាំឆ្អែតមុនអ្នក

ប្រសិនជាអ្នកតែងតែយកចិត្តទុកដាក់លើការញ៉ាំរបស់កូនៗអ្នក​​និងតែងតែឱ្យកូនៗរបស់អ្នកបានញ៉ាំអាហារមុន ឬឆ្អែតមុនអ្នកនោះ​ បានន័យថាអ្នកជាម្តាយដ៏ល្អ​​និងមានទំនួលខុសត្រូវម្នាក់។ ទោះបីវាគ្រាន់តែជារឿងសាមញ្ញដែលម្តាយគ្រប់ៗរូបតែងតែធ្វើ​ហើយចាត់ទុកថាជារឿងធម្មតា តែចំណុចនេះបានបង្ហាញពីក្តីស្រលាញ់ធំធេងអស្ចារ្យរបស់ម្តាយគ្រប់ៗរូប។

ម្តាយល្អចង់ឱ្យកូនល្អ
ម្តាយល្អចង់ឱ្យកូនល្អ

៦. អ្នកមិនប្រៀបធៀបកូនអ្នក​ ទៅនឹងកូនអ្នកផ្សេង

ពិតណាស់ក្នុងសង្គមសព្វថ្ងៃម្តាយគ្រប់រូបតែងតែនិយាយប្រៀបធៀបកូនខ្លួន​ទៅនឹងកូនអ្នកដទៃ​ដោយការប្រៀបធៀបខ្លះជាបំណងល្អចង់ឱ្យកូនប៉ុណ្ណោះ។ ​តែម្តាយល្អនឹងមិនប្រៀបធៀបកូនខ្លួនទៅអ្នកដទៃឡើយ​ ដោយម្តាយល្អតែងតែយល់ថាក្មេងគ្រប់ៗរូបគឺមានអត្តចរិត​និងផ្នត់គំនិតផ្សេងៗគ្នា​ សមត្ថភាពពីធម្មជាតិក៏មិនដូចគ្នាដែរ​ជាពិសេសការអប់រំចិញ្ចឹមបីបាច់កូន ក៏ជាផ្នែកដ៏ធំមួយជះឥទ្ធិពលលើអត្តចរិត​និងសមត្ថភាពកូនដែរ។ ដូច្នេះការប្រៀបធៀបថាកូនខ្លួនមិនល្អដូចកូនគេ​វាមិនខុសអីពីបានន័យថាអ្នកគ្មានសមត្ថភាពចិញ្ចឹមកូនទេឬ?

៧. អ្នកដាក់ពិន័យកូនតាមទោសកំហុសជាក់ស្តែង

ទោះបីជាអ្នកជាម្តាយស្រលាញ់កូនខ្លាំងប៉ុនណា​អ្នកប្រាកដជាមិនអាចបិទភ្នែកធ្វើមើលមិនឃើញពីកំហុសរបស់កូនខ្លួនឡើយ។ ម្តាយល្អ​​​ពេលឃើញកូនធ្វើខុស​ នឹងអប់រំទូន្មានប្រៀនប្រដៅកូន​​​និងដាក់ពិន័យកូនតាមកំហុសជាក់ស្តែងដោយសមរម្យ មិនមែនជាការប្រើអំពើហិង្សាទេ។ ការចេះចេះពិន័យ​និងឱ្យកូនរៀនទទួលស្គាល់ទោសកំហុស​ នឹងធ្វើឱ្យកូនអ្នកយល់ដឹងលែងហ៊ានសាងកំហុស​ថែមទាំងក្លាយជាក្មេងល្អទៀតផង។​

ម្តាយល្អមិនកាន់ជើងកូន​ ហើយដាក់ពិន័យកូនតាមទោសកំហុស
ម្តាយល្អមិនកាន់ជើងកូន​ ហើយដាក់ពិន័យកូនតាមទោសកំហុស

៨. លួងលោម និងផ្តល់ក្តីស្រលាញ់ដល់កូន

មិនថាកូនរបស់អ្នកនៅតូច​​​ ឬធំពេញវ័យ​ប្រសិនជាកូនត្រូវការក្តីស្រលាញ់ និងការឱបលួងលោមពីអ្នកអ្នកម្តាយល្អនឹងផ្តល់ក្តីស្រលាញ់តបទៅកូនវិញ។ ហេតុនេះហើយ អ្នកម្តាយល្អនឹងបំពេញតួនាទីជាម្តាយល្អចេះលើកទឹកចិត្ត​ ផ្តល់កម្លាំង​ និងផ្តល់ក្តីស្រលាញ់ដល់កូនជានិច្ច​មិនថាកូនស្ថិតនៅវ័យប៉ុនណានោះឡើយ៕

ម្តាយល្អលួងលោម​ និងផ្តល់ក្តីស្រលាញ់ដល់កូន
ម្តាយល្អលួងលោម​ និងផ្តល់ក្តីស្រលាញ់ដល់កូន
ទាក់ទងជាមួយ:
គ្រួសារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...