ទារកដែលមានកើតមកមានជំងឺ ហេម៉ូហ្វីលា (Hemophilia) ដោយសារតែកត្តាតំណពូជពីម្តាយទៅកូន មិនមែនពីឪពុកទៅកូនទេ។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ។
លោកវេជ្ជបណ្ឌិតបានបន្តថា ៧០% នៃកុមារមានជំងឺ Hemophilia គឺមានប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ ខណៈ ៣០% ទៀត កើតឡើងដោយសារបម្រែបម្រួលទៅលើក្រូម៉ូសូមដោយខ្លួនឯង។
Hemophilia ជាជំងឺវិបត្តិហូរឈាមពីកំណើតដែលកើតទៅមានទៅលើក្មេងប្រុស ឯក្មេងស្រីអាចជាអ្នកផ្ទុក ដោយមិនចេញរោគសញ្ញា។ “Hemophilia ជាប្រភេទជំងឺហូរឈាម ឬក៏យើងហៅថា ឈាមក្រកក តែមិនមែនជាជំងឺឈាមរាវនោះទេ ប៉ុន្តែនៅពេលណាមានរបួសដោយការប៉ះទង្គិច ការហូរឈាមរបស់អ្នកជំងឺ Hemophilia ហូរឈាមយូរជាងគេ ឬហូរឈាមអត់ឈប់តែម្តង វាអាចនឹងកក តែប្រើពេលយូរ ហើយអាចហូរឈាមរហូតដល់ស្លាប់”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
អត្រាចម្លងជំងឺ Hemophilia ពីម្តាយទៅកូននៅលើពិភពលោក និងនៅកម្ពុជា លោកវេជ្ជបណ្ឌិត ជាន សុផល អះអាងថា មានតួលេខប្រហាក់ប្រហែលគ្នា ក្នុង ៥ពាន់នាក់នៃក្មេងប្រុសដែលកើតមក មានម្នាក់អាចនឹងកើតជំងឺ Hemophilia។ ក្មេងបើកើតជំងឺ Hemophilia នេះហើយ មិនអាចព្យាបាលជាដាច់ឡើយ ត្រូវការព្យាបាលអស់មួយជីវិត ហើយចំណាយថវិកាច្រើនទៀត
គេបែងចែកជំងឺ Hemophilia ជា ២ ប្រភេទ គឺ Hemophilia A និង Hemophilia B តែរោគសញ្ញាជំងឺទាំង២ នេះ គឺធ្វើឲ្យឈាមក្រកកដូចគ្នា។ “រោគសញ្ញាដែលយើងអាចឃើញលើក្មេងតូចៗ ពិសេសនៅពេលក្មេងចេះតោងឈរ ចេះវារ ដែលឱកាសនៃការប៉ះទង្គិចកើតមាន ពេលនោះយើងនឹងមានរោគសញ្ញាជាំនៅពេលប៉ះអ្វីមួយ (កម្រិតស្រាល និងធ្ងន់) ចំណែកកម្រិតស្រាលវិញ មិនមានចេញរោគសញ្ញានោះទេ ទាល់តែចៃដន្យមានការវ៉ះកាត់អ្វីមួយ ស្រាប់តែហូរឈាមខុសប្រក្រតី ជួនកាលមានគ្រោះថ្នាក់អ្វីមួយ មានហូរឈាមខុសប្រក្រតី”។
– ឧស្សាហ៍ហើមជង្គង់ កែងដៃ
– ឈាមក្រកក
– ឈាមហូរខុសប្រក្រតីនៅតាមមាត់ សន្លាក់ សាច់ដុំ
– ហើម ឬហូរឈាមខុសប្រក្រតីពេលចាក់វ៉ាក់សាំង
– មានឈាមនៅក្នុងទឹកនោម ឬលាមក។
នៅកម្ពុជា លោកវេជ្ជបណ្ឌិតថា មានមន្ទីរពេទ្យ ៣ កន្លែងដែលអាចធ្វើរោគវិនិច្ឆ័យរកមើលជំងឺ Hemophilia បានត្រឹមត្រូវ ក្នុងនោះមានមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកុមារអង្គរ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet