មុនសម្រេចចិត្តចំណាយពេលវេលាពេញមួយជីវិតជាមួយនឹងអ្នកណាម្នាក់ ការស្វែងយល់លម្អិតពីស្ថានភាពសុខភាពរបស់ដៃគូមានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យយើងរៀបចំផែនការគ្រួសារប្រកបដោយប្រសិទ្ធភាព និងសុខដុមរមនា។ ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហាក្រោយរៀបការ គ្នាយើងគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ មុនពេលរៀបការ។
ប្រសិនបើយើងចង់ចាប់ផ្ដើមគ្រួសារ និងបង្កើតកូន ការធ្វើតេស្តពីសមត្ថភាពបង្កកំណើតរបស់សមីខ្លួនម្នាក់ៗមានសារៈសំខាន់ណាស់។ ចំពោះបុរស ការវិភាគទឹកកាម អាចឲ្យយើងដឹងពីចំនួនមេជីវិតឈ្មោល ចលនា និងគុណភាពមេជីវិត ដែលកត្តានេះអាចឲ្យយើងរកមើលបញ្ហានៃការមានកូនបានឬអត់។ ចំពោះស្ត្រីវិញ គឺតេស្តអូវុល ឬមេជីវិតញី ដើម្បីវាយតម្លៃសមត្ថភាពបន្តពូជ។
ភាពមិនស៊ីគ្នានៃក្រុមឈាមអាចប៉ះពាល់ដល់សុខុមាលភាពរបស់កូនបាន។ ដើម្បីជៀសវាងផលវិបាកដោយសារក្រុមឈាមមិនត្រូវគ្នា យើងគួរតែធ្វើតេស្តក្រុមឈាមមុនពេលរៀបការ ទើបជាការប្រសើរ។
ទន្ទឹមនឹងនេះដែរ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងបញ្ចៀសបញ្ហាក្រោយពេលរៀបការដែលបណ្ដាលមកពីបញ្ហាសុខភាព យើងគួរដឹងពីស្ថានភាពសុខភាពរបស់ដៃគូជាមុនសិន។ ប្រសិនបើអ្នកណាម្នាក់មានផ្ទុកជំងឺណាមួយ គឺចាំបាច់ត្រូវទទួលការព្យាបាល ហើយដៃគូម្ខាងទៀតក៏អាចធ្វើការសម្រេចចិត្តជាថ្មី ថាតើគួររៀបការឬអត់ដែរ។
ដើម្បីដឹងថា កូនអាចឆ្លងជំងឺតំណពូជដែរឬអត់នោះ យើងគួរធ្វើតេស្ត DNA នៅមុនពេលរៀបការ ជាពិសេស ក្នុងករណីដែលដៃគូណាម្នាក់មានសាច់ញាតិដែលមានជំងឺដែលទាក់ទងនឹងហ្សែននេះ។ ប្រសិនបើទទួលបានលទ្ធផលវិជ្ជមាន គ្រូពេទ្យនឹងប្រឹក្សាអំពីហានិភ័យរបស់យើងកាន់តែលម្អិត។
ជាមួយគ្នានេះដែរ ការធ្វើតេស្តរកជំងឺហ្សែនពីកំណើតមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ពីហានិភ័យចំពោះកូន។ ពិតណាស់ ប្រសិនបើយើងដឹងថាខ្លួនមានជំងឺតំណពូជជាក់លាក់ នោះយើងអាចនឹងទទួលបានការព្យាបាលទាន់ពេលវេលា។
ការពិនិត្យសុខភាពមុនរៀបការមានសារៈសំខាន់ណាស់ ពីព្រោះវាមិនត្រឹមតែអាចដឹងពីស្ថានភាពសុខភាពរបស់ដៃគូ និងអាចការពារសុខភាពផ្ទាល់ខ្លួនយើងប៉ុណ្ណោះទេ គឺថែមទាំងអាចរកឃើញជំងឺតំណពូជដែលអាចកើតឡើងលើកូនរបស់យើងថែមទៀតផង ដែលកត្តានេះ អាចឲ្យយើងមានការត្រៀមខ្លួនបានល្អ ឬទទួលការព្យាបាលបានទាន់ពេលវេលាយ។ការពិនិត្យសុខភាពចាំបាច់ចំនួន៥ រួមមាន ពិនិត្យពីភាពមានកូនបាន ពិនិត្យក្រុមឈាម ពិនិត្យរកជំងឺអេដស៍ និងកាមរោគ ពិនិត្យរកជំងឺឈាមតំណពូជ និងពិនិត្យរកជំងឺហ្សែន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet