ជំងឺទឹកនោមផ្អែមប្រភេទ២ ជាក់ស្ដែងណាស់តែងបង្កផលលំបាកដល់អ្នកជំងឺរួមមាន បញ្ហាភ្នែក លើសសម្ពាធឈាម បញ្ហាតម្រងនោម បញ្ហាបេះដូង និងខួរក្បាល ប្រសិនបើអ្នកជំងឺមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អ។ ប្រសិនបើអ្នកជំងឺអាចគ្រប់គ្រង កម្រិតជាតិស្ករស្របតាមគោលដៅនៅតិចជាង ១២០ មិល្លីក្រាមក្នុងមួយដេស៊ីលីតឈាម នោះគ្មានអ្វីគួរព្រួយបារម្ភទៀតនោះទេ។
ខាងក្រោមជាវិធីសាស្ដ្រអាចជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ជៀសផុតពីផលវិបាក
ការជ្រើសរើសវិធីសាស្ដ្រការពារផលវិបាកនៃជំងឺទឹកនោមផ្អែមដោយកាត់ផ្ដាច់បារី គឺជាមធ្យោបាយល្អបំផុត ពិសេសអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២តែម្ដង។ ការអនុវត្ដវីធីនេះបានល្អនឹងកាត់បន្ថយហានិភ័យ ដូចជា ការស្ទះចរន្ដឈាមនៅចុងជើងដែលអាចវិវត្ដទៅជាដំបៅជើង និងឈានដល់ការកាត់ជើងចេញ ការឡើងសម្ពាធឈាមខ្ពស់ បញ្ហាបេះដូង ខួរក្បាល ភ្នែក និងតម្រងនោមជាដើម។ ដូច្នេះអ្នកកើតជំងឺទឹកនោមផ្អែមមិនត្រូវជក់បារីឡើយ។
ប្រសិនបើសម្ពាធឈាម និងកូលេស្ដេរ៉ូលឡើងខ្ពស់ នោះនឹងប៉ះពាល់ទៅដល់សរសៃឈាមក្នុងរាងកាយ។ ករណីធ្ងន់ធ្ងរអាចគាំងបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាលបានដែរ។ យើងអាចអនុវត្ដវិធីនេះបាន ដោយគ្រប់គ្រងទៅលើរបបអាហារ ដូចជាជៀសវាងអាហារខ្លាញ់ អាហាប្រៃពេក អាហារមានកាបូអ៊ីដ្រាតខ្ពស់ អាហារកែច្នៃ ហើយត្រូវតាមដានសម្ពាធឈាម ព្រោះករណីទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត។
ការហាត់ប្រាណ គឺជាចំណែកមួយជួយឲ្យកម្រិតជាតិស្ករក្នុងឈាមអាចថយចុះបាន។ អ្នកជំងឺអាចបង្កើតទម្លាប់ហាត់ប្រាណឲ្យបានទៀតទាត់ទោះបានតិចឬច្រើនក៏ដោយក្ដី។ ចំណែកសុខភាពភ្នែកវិញ ក្រោយពេលលទ្ធផលតេស្ដឈាមបង្ហាញថាយើងមានជំងឺទឹកនោមផ្អែមប្រភេទ២ គួរត្រូវទៅជួបជាមួយគ្រូពេទ្យភ្នែកដើម្បីត្រួតពិនិត្យពីសុខភាពភ្នែកឲ្យបានមុនពេលភ្នែកមានបញ្ហា។
អ្នកជំងឺទឹកនោមផ្អែមប្រព័ន្ធភាពស៊ាំមានការចុះខ្សោយ ងាយឆ្លងមេរោគ និងកើតជំងឹផ្សេងៗណាស់។ ដូច្នេះជាការល្អ អ្នកជំងឺគួរតែ ចាក់វាក់សាំងការពារពីជំងឺទាំងនោះដូចជា វ៉ាក់សាំងជំងឺផ្ដាសាយ វ៉ាក់សាំងរលាកសួត វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទB និងវ៉ាក់សាំងផ្សេងៗជាច្រើនទៀត ដែលអាចការពារពីជំងឺបាន។
ការថែរក្សាមាត់ធ្មេញ ដោយការសម្អាតធ្មេញ និងអញ្ចាញធ្មេញឲ្យបានល្អ គឺគួរប្រើប្រាស់ច្រាសដុសធ្មេញទន់ៗ ប្រើទឹកខ្ពុរមាត់ត្រូវប្រុងប្រយ័ត្ន និងអាចទៅត្រួតពិនិត្យជាមួយគ្រូពេទ្យធ្មេញឲ្យបាន យ៉ាងហោច២ដងក្នុងមួយឆ្នាំគឺល្អប្រសើរ។
ការថែរទាំជើង គឺជារឿងចាំបាច់ ដែលអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើ ព្រោះប្រសិនបើកម្រិតជាស្ករក្នុងឈាមកើនឡើងខ្ពស់ វាអាចកាត់បន្ថយលំហូរឈាម និង បំផ្លាញប្រព័ន្ធប្រសាទក្នុងជើង។ បញ្ហាប្រឈមនេះ ប្រសិនជាមិនបានព្យាបាល អាចបង្កទៅជាដំបៅជើង និងឈានដល់ការកាត់ជើងចេញ។
មួយវិញទៀត ការថែរក្សាជើងក៏ត្រូវយកចិត្ដទុកដាក់ខ្ពស់លើសកម្មភាព និងការប្រើប្រាស់របស់ប្រចាំថ្ងៃ។ តួយ៉ាងត្រូវពាក់ស្បែកជើងធូរលុងៗ កាប្រើប្រាស់ក្រែមលាបលើកែងជើង ប្រុងប្រយ័ត្នពេលដើរ ពាក់ស្រោមជើងត្រូវស្អាតជានិច្ច ពិសេសកុំសូវឈយូរពេក និងកាត់បន្ថយសកម្មភាពដែលអាចដាក់សម្ពាធលើជើងខ្លាំង។
អ្នកជំងឹទឹកនោមផ្អែមភាគច្រើនមានការខ្វាយខ្វល់ ព្រួយបារម្ភ គិតច្រើន កត្ដានេះបណ្ដាលឲ្យអ្នកជំងឺងាយកើតស្ដ្រេសប៉ះពាល់ដល់សុខភាព។ ការកើតស្ដ្រេសដែលមានរយៈពេលយូរនឹងធ្វើឲ្យអ្នកជំងឺគេងមិនលក់ ប្រឈមនឹងការកើនឡើងសម្ពាធឈាម។ ដូច្នេះអ្នកជំងឺត្រូវយកចិត្ដទុកដាក់គ្រប់គ្រងស្ដ្រេសឲ្យបានល្អ។ វិធីសាស្ដ្រដែលល្អសម្រាប់ដោះស្រាយបញ្ហានេះ គឺអាចបង្កើតបរិយាសរីករាយជាមួយមនុស្សជុំវិញខ្លួន កូនចៅ រៀបគម្រោងដំណើរកម្សាន្ដ ដើម្បីរំសាយអារម្មណ៍ពីការគិតច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet