យល់ដឹង៖ អាចទេ? បើមនុស្សយើងរស់នៅលើលោកនេះមិនត្រូវការរាប់ញាតិ ឬមិត្តភក្តិ?ចម្លើយប្រាកដជាមិនអាចនោះទេ ទោះបីមានមានមិត្តតិចក្តី ច្រើនក្តី ប៉ុន្តែមនុស្សម្នាក់ៗត្រូវតែមានមិត្តដើម្បីជាការចែករំលែកគ្នា ជួយទុក្ខធុរៈគ្នាទៅវិញទៅមក។
តួយ៉ាង ក្នុងនោះក៏មានមិត្តមួយចំនួនដែលយើងមិនគួររាប់រក ហើយបើអាចជៀសបានគួរតែជៀសបើអ្នកមិនចង់មានបព្ហាដល់ខ្លួន។ ដូច្នេះតើមិត្តបែបណាដែលយើងគួរតែជៀសវាង?
១. មិត្តដែលមានចិត្តពិសពុល
មិត្តខ្លះចូលចិត្តប្រើសម្តីផែ្អមបានតែមាត់ រីឯចិត្តពោរពេញដោយសារធាតុពិសពុលដោយចូលចិត្តនិយាយសរសើរនៅមុខយើង ប៉ុន្តែក្នុងចិត្តផ្ទុយស្រឡះពីពាក្យសម្តី។
២. មិត្តពូកែសម្តែងធ្វើល្អ
មិត្តខ្លះចូលចិត្តធ្វើទង្វើល្អនៅតែមុខយើង តែនៅពីក្រោយខ្នងនិយាយដើមយើងទៅប្រាប់អ្នកដទៃហុយផ្សែងថែមទាំងមួលបង្កាច់បង្ខូចកិត្តិយសយើង មនុស្សបែបនេះគេតែងហៅថា ”មនុស្សមាត់ផ្សេងចិត្តផ្សេង”។
៣. មិត្តសម្លឹងឃើញតែប្រយោជន៍
មិត្តខ្លះរាប់អានយើងមិនមែនរាប់ដោយចិត្តនឹងចិត្តទេ គឺរាប់អានដោយសារតែឃើញប្រយោជន៍និងដើម្បីកេងចំណេញអ្វីមួយ។ ហើយភាគច្រើនមិត្តបែបនេះ គឺឃើញមុខតែពេលគេត្រូវការយើងតែប៉ុណ្ណោះ។
៤. មិត្តដែលបោះបង់គ្នាពេលមានអាសន្ន
មិត្តខ្លះឃើញហើយ ដឹងហើយថាយើងកំពុងជួបផលលំបាក ឬក៏ត្រូវការជួយយកអាសារប៉ុន្តែរត់ចោលយើងបាត់ ឬទុកឲ្យយើងលំបាកតែឯង។ ភាគច្រើនមិត្តបែបនេះគឺឃើញមុខតែពេលយើងសប្បាយ និងពេលយើងមានបានតែប៉ុណ្ណោះ៕