ការឈឺចាប់ស្រួចស្រាល់ និងហើមបរិវេណបំពង់កអាចជាសញ្ញាព្រមាននៃជំងឺមហារីកក្បាល និងក។ ជំងឺមហារីកមួយប្រភេទនេះ មានទំនាក់ទំនងនឹងបែបបទនៃការរស់នៅរបស់យើង និងអាចបង្ការ ឬព្យាបាលបាន ប្រសិនបើយើងរកឃើញនៅដំណាក់កាលដំបូង។ ជំងឺមហារីកក្បាល និងក ជាដុំសាច់សាហាវនៅក្នុងផ្លូវខ្យល់ និងផ្លូវអាហារចូលគ្នានៅផ្នែកខាងលើ ដែលរួមមានមាត់ ក្រអូមមាត់ ច្រមុះបំពង់ក មាត់បំពង់ក និងបំពង់សំឡេង។ ដុំសាច់នេះប៉ះពាល់ដល់ផ្នែកផ្សេងៗនៃក្បាល និងបំពង់ក។
មានមូលហេតុផ្សេងៗដែលបង្កជាជំងឺមហារីកមួយនេះ។ ប៉ុន្តែមូលហេតុចម្បងបំផុតគឺអនាម័យធ្មេញ ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ និងផឹកគ្រឿងស្រវឹង។ ចំណែកឯការប៉ះពាល់នឹងកាំរស្មីUVរយៈពេលយូរ ក៏អាចបង្កទៅជាជំងឺមហារីកបបូរមាត់ដូចគ្នា។ លើសពីនេះ ការប៉ះពាល់នឹងសារធាតុគីមី ឬសារធាតុផ្សេងៗដូចជាធូលី ផ្សែង Asbestos, Formaldehyde ក៏អាចនាំឲ្យកើតជាជំងឺមហារីកប្រភេទនេះដែរ។
ជាក់ស្ដែង ផ្នែកផ្សេងៗនៃក្បាល និងក បង្ហាញពីរោគសញ្ញាខុសៗគ្នានៃជំងឺមហារីក។
ប្រសិនបើគ្នាយើងពិបាកក្នុងការនិយាយស្ដី ឬដកដង្ហើមមិនស្រួល ឬឈឺចាប់នៅពេលលេបទឹកមាត់ វាអាចជាសញ្ញានៃជំងឺមហារីកក្បាល និងក។ ចំណែកឯការឈឺចាប់នៅក្នុងត្រចៀកក៏អាចជាសញ្ញានៃជំងឺមហារីកនេះដែរ។
រោគសញ្ញាមួយចំនួន អាចមើលឃើញនៅក្នុងក្រអូមមាត់ ដែលរួមមានធ្មេញ អណ្ដាត និងថ្គាមដោយមានលេចឡើងចំណុចតូចៗពណ៌ក្រហម ឬស នៅលើអញ្ចាញធ្មេញ អណ្ដាត ស្រទាប់មាត់ ថ្គាមរីកធំ ហូរឈាម ឬឈឺចាប់ក្នុងមាត់ ។
អាការៈហើម និងឈឺចាប់នៅក្នុងបំពង់ក ជាសញ្ញាព្រមាននៃជំងឺមហារីកបំពង់ក។ អ្នកជំងឺអាចមានការឈឺចាប់ក្នុងត្រចៀក និងពិបាកក្នុងការស្ដាប់ ដោយសារតែជំងឺមហារីកនេះ។
ប្រហោងឆ្អឹងដែលស្ទះ ឬការបង្ករោគក្នុងប្រហោងឆ្អឹងដដែលៗ ជាសញ្ញានៃជំងឺមហារីកច្រមុះ។ មួយវិញទៀត ការហូរឈាមតាមច្រមុះ ឈឺភ្នែក ឬការឆ្លងមេរោគនៅភ្នែក ក៏ដូចជាបញ្ហាមាត់ធ្មេញ ជាអាចបង្ហាញពីជំងឺមហារីកប្រហោងឆ្អឹងផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet