ក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗមិនអាចខ្វះបាននូវការទំនាក់ទំនងជាមួយមនុស្សជុំវិញ។ ដើម្បីរក្សាទំនាក់ទំនង ជាមួយនរណាម្នាក់ឱ្យបានយូរអង្វែង វាមិនមែនជារឿងដែលងាយស្រួលនោះទេ ។ មនុស្សជាច្រើនតែងមើលរំលងចំណុច ខាងក្រោមនេះ ៣យ៉ាងដែលអ្នកមិនគួរធ្វើ ៖
១. កុំនិយាយដើមគេ
ការនិយាយដើមនរណាម្នាក់ជារឿងដែលមិនល្អ ហើយវាងាយនឹងបំផ្លាញទំនាក់ទំនងយើងបានយ៉ាងឆាប់រហ័សបំផុត។ ត្រូវចាំថា ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវយករឿងដែរអ្នកដឹងពីមិត្តល្អរបស់អ្នក ឬអ្នករួមការងារជាមួយទៅនិយាយបន្តនោះទេ។ ទំនាក់ទំនងរក្សាបានយូរ ឬឆាប់គឺអាស្រ័យលើបុគ្គលទាំងសងខាងចាំបាច់ត្រូវតែមានភាពស្មោះ ត្រង់ជាមួយគ្នាទៅវិញទៅមក។
២. កុំនិយាយកុហក់
ពេលខ្លះអ្នកប្រហែលជាគិតថា គ្រាន់តែនិយាយកុហក់មួយដង ឬពីរដងគ្មានបញ្ហាអ្វីធំដុំទេ។ មួយវិញទៀត គ្មាននរណាដឹងផង។ អ្នកកុំភ្លេចថាទម្លាប់អាក្រក់ដែលនិយាយកុហក់នេះ អាចធ្វើឱ្យទំនាក់ទំនងប្រែជាល្អក់ កករមួយពព្រិចភ្នែក។ ការនិយាយបែបនេះជាចេតនាមួយ ដែលអ្នកគិតរួចមកហើយ វាជារឿងឈឺចាប់សម្រាប់ មនុស្សដែលតែងចាត់ទុកអ្នកជាមនុស្សសំខាន់។ "និយាយកុហក់តែម្តង ពាក្យពិតដែលអ្នកធ្លាប់និយាយទាំង អស់នឹងប្រែជាពាក្យកុហក់ទាំងអស់"។
៣. កុំរាប់អានគេ ដើម្បីតែផលប្រយោជន៍
និយាយពីរឿងផលប្រយោជន៍គ្មាននរណាម្នាក់មិនចង់បានទេ ប៉ុន្តែក្នុងការរាប់អានមនុស្សម្នាក់ឱ្យបានយូរ អ្នកមិនត្រូវសម្លឹងមើលតែផលប្រយោជន៍ទេ ត្រូវមើលពីចិត្តគំនិត មារយាទ ស្រឡាញ់រាប់អានគ្នាពិត មិនគិតពីរឿងប្រយោជន៍ខ្លួនឯងពេករហូតដល់មិនគិតពីអ្នកនៅជុំវិញ។ កុំដោយសារប្រយោជន៍ ធ្វើឱ្យបាត់បង់មនុស្សល្អៗនៅក្បែរខ្លួន៕