សរសៃអាអកជាសរសៃឈាមធំបំផុតក្នុងរាងកាយ ហើយនៅពេលដែលជញ្ជាំងអាអកចុះខ្សោយ និងបោង សរសៃឈាមអាចនឹងលេចធ្លាយ ហើយជួនកាលអាចផ្ទុះបែកតែម្ដង។ បញ្ហាប៉ោងសរសៃអាអកនេះ អាចបណ្ដាលឲ្យកើតជំងឺខ្សោយបេះដូង ខូចតម្រងនោម ក៏ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលថែមទៀតផង។
ទីតាំងនៃការប៉ោងសរសៃអាអកត្រូវបានបែងចែកជា៣ផ្នែក មួយផ្នែកនៅក្នុងប្រហោងបេះដូងដែលហៅថាAscending aorta មួយផ្នែកនៅក្នុងទ្រូងហៅថាArch និងdescending aorta និងមួយទៀតនៅក្នុងពោះ ដែលហៅថាAbdominal aortic aneurysm។ ការប៉ោងសរសៃអាអកកើតឡើងដោយសារមូលហេតុជាច្រើន ដូចជាលើសសម្ពាធឈាម ជក់បារី ការឆ្លងមេរោគ កូលេស្តេរ៉ូលខ្ពស់ និងការរងរបួសភ្លាមៗ។ ទន្ទឹមនឹងនេះដែរ វិបត្តិហ្សែនមួយចំនួនក៏អាចធ្វើឲ្យសរសៃអាអកចុះខ្សោយ ព្រមទាំងបណ្ដាលឲ្យប៉ោងសរសៃអាអកផងដែរ។
ការប៉ោងសរសៃអាអក អាចបណ្ដាលឲ្យមានរោគសញ្ញាដូចជា វិលមុខ ចង្វាក់បេះដូងលោតញាប់ ឈឺទ្រូង ឈឺពោះ ពិបាកដកដង្ហើម ហើមមុខ និងដៃ ព្រមទាំងពិបាកលេបអាហារ។
សរសៃអាអកដែលប៉ោងធំទៅៗ អាចនឹងដាច់រហែកនៅក្នុងជញ្ជាំងសរសៃឈាម ដែលនាំឲ្យសរសៃឈាមរួមតូច និងរាំងស្ទះលំហូរឈាមពីបេះដូង និងផ្នែកផ្សេងៗទៀតនៃរាងកាយ។ សម្ពាធឈាមដែលកើនឡើងនៅក្នុងជញ្ជាំងសរសៃឈាម ក៏អាចបណ្ដាលឲ្យដាច់រហែកសរសៃអាអកដូចគ្នា។
កត្តាជាក់លាក់មួយចំនួន ដូចជាសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ ឬជក់បារី សុទ្ធតែអាចបង្កើនហានិភ័យនៃការប៉ោងសរសៃអាអក។ ដូច្នេះហើយ គ្នាយើងអាចកាត់បន្ថយហានិភ័យនៃការប៉ោងសរសៃអាអកនេះបាន ដោយការប្រកាន់ខ្ជាប់បែបបទរស់នៅល្អ ដូចជាញ៉ាំអាហារដែលមានតុល្យភាព ដែលរួមមានបន្លែ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ និងហាត់ប្រាណជាទៀងទាត់ ក៏ដូចជាបញ្ឈប់ការជក់បារី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet