ការតជែលក្រចកមានការពេញនិយមខ្លាំងសម្រាប់ស្រីៗយើងនៅពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ថ្វីត្បិតតែការតជែលមានភាពស្រស់ស្អាត និងអាចរក្សាទុកបានយូរក៏ពិតមែន ប៉ុន្តែវាត្រូវការជំនួយពីកាំរស្មីUV ដើម្បីធ្វើឲ្យជែលឆាប់ស្ងួតល្អ ដែលដំណើរការនេះអាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកស្បែក ប្រសិនបើយើងតជែលជារៀងរាល់ពីរបីសប្ដាហ៍ម្ដង។
មានកាំរស្មីUV មានចំនួន៣ប្រភេទ ដែលកាំរស្មីទាំងនេះសុទ្ធតែបំផ្លាញស្បែក ប៉ុន្តែមានតែកាំរស្មីUVA និងUVB ប៉ុណ្ណោះដែលអាចមកដល់ផ្ទៃផែនដី។ ពិតណាស់ កាំរស្មីUVកើតចេញពីព្រះអាទិត្យ អាចជួយស្បែកផលិតវីតាមីនD តែវាក៏អាចបង្កឲ្យមានការរលាកប្រសិនបើយើងប៉ះពាល់រយៈពេលយូរ។ លើសពីនេះ កាំរស្មីUVក៏អាចបង្កគ្រោះថ្នាក់ និងធ្វើឲ្យស្បែករបស់យើងឆាប់ចាស់មុនវ័យ និងលេចចេញស្នាមជ្រីវជ្រួញ។ កាំរស្មីទាំងនេះ អាចជ្រាបចូលទៅក្នុងស្រទាប់ស្បែកយ៉ាងជ្រៅ ដោយបំផ្លាញDNAនៅក្នុងកោសិកាស្បែក និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ក៏ដូចជាធ្វើឲ្យរាងកាយពិបាកទប់ទល់នឹងការឆ្លងមេរោគ និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។
ម៉ាស៊ីនសម្ងួតក្រចកដែលប្រើប្រាស់ក្នុងអំឡុងពេលតជែល បញ្ចេញកាំរស្មីUVក្នុងបរិមាណខុសៗគ្នា ព្រោះវាមានកម្រិតពន្លឺខុសៗគ្នា ហើយកម្លាំងក៏អាស្រ័យលើថាមពលចំនួនវ៉ាត់របស់ម៉ាស៊ីនដូចគ្នា។ ដូច្នេះហើយ ម៉ាស៊ីនដែលមានចំនួនវ៉ាត់ខ្ពស់ បញ្ចេញកាំរស្មីកាន់តែច្រើន។
មហារីកស្បែកអាចវិវត្តនៅក្រោមក្រចក និងដៃទាំងពីរ ក៏ដូចជាម្រាមដៃ និងម្រាមជើង។ ចំណែកឯជំងឺមហារីកស្បែកដែលកើតនៅក្រោមក្រចក អាចមានពណ៌ត្នោតខ្ចី ឬចាស់នៅលើក្រចក និងមានលក្ខណៈបញ្ឈរ។ ដូចនេះ គ្នាយើងគប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ប្រសិនបើក្រចកមានពណ៌ក្រមៅ និងកាន់តែធំទៅៗ ព្រមទាំងគ្របដណ្ដប់នៅលើផ្ទៃក្រចក។ ម្យ៉ាងវិញទៀត យើងក៏ត្រូវប្រុងប្រយ័ត្ន ប្រសិនបើដៃ ឬជើងរបស់យើងមានដំបៅក្រហម ស្នាមអុជៗ ឬឫសដែលក្រជាសះស្បើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet