ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ប្រជាជនចិន ឬកូនកាត់ចិន ដែលមានឆ្នាំឆុង ឬអាយុគត់ឆ្នាំ តែងតែធ្វើពិធីម៉្យាងមុននឹងឈានចូលទៅដល់ថ្ងៃចូលឆ្នាំចិន។ ជាមួយគ្នានេះ ពិធីកាត់ឆុង គឺគេតែងតែប្រារព្ធមិនដែលដាច់ទៅតាមជំនឿរបស់កូនចៅជាប់ខ្សែស្រឡាយចិន។
តួយ៉ាង យោងទៅតាមជំនឿតៗគ្នារបស់ខ្សែស្រឡាយចិន បានឲ្យដឹងថា អ្នកដែលឆុងឆ្នាំ ឬគត់ឆ្នាំ ដាច់ខាតត្រូវធ្វើពិធីកាត់ឆុង ដើម្បីបណ្ដេញគ្រោះចង្រៃ ក៏ដូចជាសុំឲ្យជួបតែរឿងល្អ មានលាភសំណាង រកស៊ីមានបានជាដើម។ លើសពីនោះ អ្នកដែលមានឆ្នាំឆុង មិនមែនត្រឹមតែធ្វើពិធីកាត់ឆុងនោះទេ តែពួកគេក៏ត្រូវមានតំណមមួយចំនួន ដើម្បីចៀសវាសជួបរឿងស៊យផងដែរ។
ជាក់ស្ដែង នៅក្នុងឆ្នាំ២០២៣ ដែលត្រូវដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលត្រូវនឹងឆ្នាំថោះ ហើយឆ្នាំដែលឆុងនោះ មានដូចជា៖
១. ឆ្នាំថោះ
២. ឆ្នាំរកា
៣. ឆ្នាំមមី
៤. ឆ្នាំជូត
៥. ឆ្នាំរោង
តំណមសម្រាប់អ្នកដែលមានឆ្នាំឆុងដូចខាងលើ៖
- ហាមសង់ផ្ទះថ្មី
- ហាមចូលពិធីបុណ្យសព(ក្រៅពីសាច់ញាតិ)
- ហាមធ្វើដំណើរផ្លូវឆ្ងាយ ផ្លូវអាកាស
- ហាមលេងទឹកបឹង ទន្លេ ស្ទឹង សមុទ្រ...
របៀបសែន និងគ្រឿងដែលត្រូវការសម្រាប់ការសែនកាត់ឆុង៖
១. ក្រដាស់សែនកាត់ឆុង (ស្រីឬប្រុស)
២. សាច់ជ្រូកបីជាន់ឆៅ ៣ដុំ
៣. ពងទា ៣គ្រាប់
៤. ទានពណ៌ក្រហម និង ធូប
៥. ផ្លែឈើចាប់ពី៣មុខឡើង
ទីតាំងធ្វើពិធី អាចទៅធ្វើការកាត់ឆុងនៅឯ វត្តភ្នំ ដែលមានលោកតាអាចារ្យ រង់ចាំធ្វើពិធីឲ្យ ឬអាចទៅឯ វិហារលោកតាធំតាខ្មៅក៏បាន៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ ខ្មែរឡូត