ការផ្ដាច់បារីអាចនិយាយបានថា ជារឿងមួយពិបាកសម្រាប់អ្នកដែលមានទម្លាប់ជក់រាប់ឆ្នាំ ដោយឡែកសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមទំនងមិនសូវពិបាកនោះទេ។ យើងក៏ដឹងដែលថា បារីបង្កផលប៉ះពាល់ដល់សុខភាព មិនថាខ្លួនយើងផ្ទាល់ទេ សូម្បីតែមនុស្សជុំវិញក៏គ្រោះថ្នាក់ផងដែ។ ហេតុដូច្នេះហើយសម្រាប់អ្នកមានបំណងផ្ដាច់ទម្លាប់នេះ អាចមកសាកល្បងវិធីងាយៗទាំងនេះ តាមរយៈការញ៉ាំអាហារសុខភាពជំនួសវិញ មិនត្រឹមតែអាចរួមចំណែកបញ្ឈប់ទម្លាប់នេះទេ ថែមទាំងទទួលបានសុខភាបល្អថែមទៀត។
ទឹកដោះគោជាភេសជ្ជៈមួយប្រភេទជំនួយដល់សុខភាពរបស់យើងប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះវាក៏មាន អត្ថប្រយោជន៍ប្រឆាំងទៅនឹងទម្លាប់នៃការជក់បារីផងដែរ។ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Duke របស់សហរដ្ឋអាមេរិក។ គុណសម្បតិ្ដរបស់ទឹកដោះគោអាចប្រឆាំងទៅនឹងរសជាតិសារធាតុនីកូទីនក្នុងបារី ដូច្នេះការជ្រើសរើសទម្លាប់ញ៉ាំទឹកដោះគោ យ៉ាងហោចឲ្យបាន ២កែវ ក្នុងមួយថ្ងៃគឺជាទម្លាប់ល្អបំផុត កាត់បន្ថយចំណង់នៃការជក់បារី។
អ្នកដែលចាប់ផ្ដើមផ្ដាច់បារីលើកដំបូងមានអារម្មណ៍ថា ជូរមាត់ និងហៀវទឹកមាត់ច្រាវៗ ធ្វើឲ្យឃ្លាន ខណៈពេលនោះយើងអាចសាកល្បងញ៉ាំទឹកផ្លែឈើផ្អែមៗជំនួសវិញ តែបើមិនបានទឹកផ្លែឈើយើងអាចញ៉ាំទឹកធម្មតា ក៏ជាការប្រសើរផងដែរ។ ញ៉ាំទឹក ឬទឹកផ្លែឈើ ឲ្យបានយ៉ាងហោច កន្លះកែវទៅ១កែវ រាល់ពេលដែលមានអារម្មណ៍ថា ពិបាកទ្រាំដូចខាងលើ។ ព្យាយាមផឹកទឹក ឬភេសជ្ជៈណាដែលអាចប្រឆាំងទៅនឹង សារធាតុនីកូទីនដែលមានក្នុងបារី នឹងអាចរួមចំណែកកាត់បន្ថយបន្ដិចម្ដងៗ។
តែយិនស៊ិន មិនត្រឹមតែមានគុណសម្បត្ដិជួយកាត់ផ្ដាច់ទម្លាប់ នៃការជក់បារីតែប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍អាចចូលរួមកាត់បន្ថយផលប៉ះសុខភាពពីសាធាតុនីកូទីនក្នុងបារី។ ជាក់ស្ដែងណាស់ថា តែយិនស៊ិន គឺជាឱសថធម្មជាតិមួយប្រភេទ ដោយទទួលស្គាល់ថា មានសមត្ថភាពជួយសម្រួលដល់ដំណើការសរសៃឈាមក្នុងបេះដូង និង រាងកាយឲ្យដំណើរការបានល្អ ជាពិសេសទៀតនោះគឺ ជំនួយដល់ប្រព័ន្ធសា្មរតីតែម្ដង។ ដូច្នេះទើបគេរាប់បញ្ចូលវាក្នុងបញ្ជីឱសថធម្មជាតិអាចកាត់បន្ថយពីទម្លាប់ជក់បារី។
បើគិតទៅដល់រសជាតិ និង ជីវជាតិបំប៉ន ស្ករកៅស្ករមិនមែនជាជម្រើសល្អសម្រាប់យើងនោះទេ ប៉ុន្ដែក្នុងករណីនេះសម្រាប់អ្នកដែលមានបំណងផ្ដាច់បារី វាគឺជារឿងល្អទៅវិញ។ ស្ករកៅស៊ូអាចជួយឲ្យមាត់របស់យើង កាត់បន្ថយពីការទំនេរច្រើន ក្រៅតែពីការនិយាយ សន្ទនាផ្សេងៗ។ ការសិក្សាបានបង្ហាញ ប្រសិនជាមាត់របស់យើង មិនសូវទំនេរទេ នោះយើងក៏មិនមានអារម្មណ៍នឹកឃើញបារី ហើយក៏មិនជូរមាត់នោះដែរ។ ដូច្នេះយើងអាចសាកល្បងវីធីនេះបាន ប៉ុន្ដែសូមបញ្ជាក់ថា កុំព្យាយាមទំពារ ស្ករកៅស៊ូមួយពេល លើសពី១ម៉ោង ព្រោះវាអាចធ្វើឲ្យមាត់របស់យើងមានសភាពជូរវិញនៅពេលដែលស្ករកៅស៊ូខ្សោះរសជាតិ។
ការញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនមិនត្រឹមតែមានអត្ថប្រយោជន៍ដល់សុខភាពក្នុងរាងកាយទាំងមូលនោះទេ ថែមទាំងអាចជួយកាត់ផ្ដាច់ទម្លាប់ជក់បារីទៀតផង។ រសជាតិផ្លែឈើ និងបន្លែមានសារៈសំខាន់ប្រឆាំងទៅនឹងរសជាតិបារី ហើយវាក៏អាចជំរុញអ្នកជក់បារីទាំងអស់ អាចអត់ធ្មត់នឹងការបង្អត់បារីបានយូរថែមទៀតផង។ សម្រាប់អ្នកដែលមានបំណងផ្ដាច់បារី កុំភ្លេចវិធីសាស្ដ្រមួយនេះ ដោយញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន។ ជាពិសេសពេលអ្នកមានអារម្មណ៍ជូរមាត់ចង់ជក់បារី អាចសាកល្បងញ៉ាំផ្លែឈើបន្ដិចបន្ដួច ជំនួសឲ្យការឃ្លានបារី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet