ចាប់តាំងពីជំងឺកូវីដ-១៩ រាតត្បាតមក យើងម្នាក់ៗត្រូវពាក់ម៉ាស និងលាងដៃជាមួយជែល ឬអាល់កុលជាប់ជានិច្ច ដើម្បីការពារខ្លួនពីការឆ្លងជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ។ ដោយសារតែលាងដៃនឹងអាល់កុលញឹកញាប់ពេក បណ្ដាលឲ្យស្ងួតដៃ ឬគ្នាយើងខ្លះមានឡើងអាចម៍រុយលើខ្នងដៃថែមទៀត។
ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងជំងឺកុមារ បានឲ្យដឹងថា ចេញស្នាមអុជៗខ្មៅលើប្រអប់ដៃ មូលហេតុសង្ស័យខ្ពស់ជាងគេ គឺមកពីលាងអាល់កុល ឬជែលដែលមានជាតិមេតាណុល ហើយបន្ទាប់មកប្រអប់ដៃយើងត្រូវពន្លឺថ្ងៃ។ កាលណាយើងឡើងអាចម៍រុយលើខ្នងដៃ ទោះវាមិនសូវបង្កជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែវាអាចជាប់នៅលើស្បែកយើងយូរ និងពិបាកកម្ចាត់ទៅវិញ។
វេជ្ជបណ្ឌិតរូបនេះបន្តថា ក្នុងករណីយើងឡើងអាចម៍រុយលើខ្នងដៃ គួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញសើស្បែក ឬអាចប្រើឡេផ្ដល់សំណើមដល់ស្បែក ដែលមិនមានជាតិកាត់ និងមិនមានជាតិបារត។ ម៉្យាងវិញទៀត យើងគួរការពារមិនឲ្យត្រូវកម្ដៅថ្ងៃដាច់ខាត និងផ្អាកការប្រើអាល់កុលដោយប្រើសាប៊ូលាងដៃជំនួសវិញ (ឬ ប្រើអាល់កុល ឬជែល តែត្រូវប្រាកដថាគ្មានជាតិមេតាណុល)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet