វ័យកាន់តែជ្រេ ហាត់ប្រាណក៏មិនអាចដូចក្មេងដែរ។ ក្មេងមានការហាត់របៀបក្មេង ឯមនុស្សវ័យចំណាស់ក៏ដូចគ្នា។ យើងហាត់ខ្លួនឯង ឬមានចាស់ៗក្នុងផ្ទះ ដែលឧស្សាហ៍ហាត់ប្រាណ យើងគួរណែនាំការហាត់ដែលអត់ប៉ះពាល់ ឬលើសកម្លាំង។ បើយើងជាមនុស្សវ័យចំណាស់គួរជ្រើសការហាត់ណាដែលល្អសម្រាប់បេះដូង ឆ្អឹង ឬអវយវៈ អ៊ីចឹង “Hello គ្រូពេទ្យ” សូមណែនាំឲ្យសាកប៉ុន្មានវិធីនេះ៖
លំហាត់ប្រាណសម្រាប់មនុស្សវ័យចំណាស់មាន ៣ ប្រភេទធំៗ៖-លំហាត់ប្រាណបែបអ៊ែរ៉ូបិក (Aerobic)៖ ល្អសម្រាប់បេះដូង និងសួត-លំហាត់ប្រាណពង្រឹងរាងកាយ៖ ល្អសម្រាប់ឆ្អឹង និងសាច់ដុំ-លំហាត់ប្រាណរក្សាតុល្យភាពរាងកាយ៖ ជួយរក្សាតុល្យភាពរាងកាយ ទប់ស្កាត់ការដួល និងរបួសដាច់រលាត់។ភាគច្រើនចាស់ៗទើបចាប់ផ្ដើមហាត់ ច្រើនបារម្ភឈឺខ្លួនខ្លាំង។ បើហាត់ប្រាណបានត្រឹមត្រូវ វាអាចទប់ទល់ស្ទើរតែគ្រប់ជំងឺទាំងអស់។
ការហាត់បែបនេះមិនសូវដាក់សម្ពោធលើសន្លាក់ និងឆ្អឹងនោះទេ។ ការហាត់ប្រាណបែប Aerobic មានដូចជា ដើរ រត់តិចៗ ហែលទឹក ឬជិះកង់។ ពេលហាត់ ចង្វាក់បេះដូងដើរលឿនជាងមុន បង្កើនលំហូរឈាមដែលមានអុកស៊ីសែន និងសារធាតុចិញ្ចឹមរាងកាយ។ គួរចាប់ផ្ដើមពីជំហានតិចៗងាយៗ ទៅលំបាកបន្តិចម្ដងៗ។នេះជាតិចនិក៖– កំណត់គោលដៅមុនហាត់ ថាតើគួររើសយកការហាត់របៀបណា– ព្យាយាមហាត់ឲ្យបានយូររៀងរាល់សប្ដាហ៍ ដើម្បីឲ្យរាងកាយអាចទម្លាប់នឹងសកម្មភាពទាំងនោះ។
ពេលរាងកាយខ្សោយ សាច់ដុំក៏ខ្សោយ ឯឆ្អឹងក៏បាត់បង់ទម្ងន់ ហើយសរសៃពួរសន្លាក់ភ្ជាប់ឆ្អឹងនឹងឆ្អឹង និងសរសៃពួរភ្ជាប់សាច់ដុំនឹងឆ្អឹង កាន់តែខ្សោយ។ហាត់ពង្រឹងរាងកាយ អាចជួយឲ្យឆ្អឹងរឹងមាំ ហើយសាច់ដុំខ្លាំងជាថ្មី ហើយជួយពង្រឹងរាងកាយ និងការពារដង់ស៊ីតេឆ្អឹងធ្លាក់ទាប ដែលងាយនឹងបាក់ឆ្អឹងនោះឡើយ។ហាត់ប្រាណបែបពង្រឹងរាងកាយ មិនមែនមានន័យថា ជួយឲ្យក្លាយជាអ្នកលើកទម្ងន់ ឬមានសាច់ដុំធំៗនោះទេ។សកម្មភាពងាយៗ មាន ងើបអង្គុយ អង្គុយងើបៗ ដោយមានកាន់ដបទឹក។ បើយើងជាមនុស្សវ័យចំណាស់ ធ្វើម៉េចឲ្យហាត់ប្រាណបែបនេះ ហោចណាស់ ២ ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែមិនមែនហាត់ពីរថ្ងៃជាប់គ្នាទេ សម្រាប់ពេលដំបូងៗ។ យើងអាចហាត់ញឹក ឬច្រើនថ្ងៃជាងនេះបាន ពេលរាងកាយស៊ាំ។នេះជាតិចនិក៖គួរប្រើខ្សែទាញពិសេសដែលអាចបត់បែនបាន (Band) ជាជាងលើករបស់ធ្ងន់ផ្សេងៗ។
ការហាត់ប្រាណបែបនេះ អាចរក្សាតុល្យភាពរាងកាយ និងការពារកុំឲ្យយើងងាយដួល។ វ័យកាន់តែច្រើន បើដួលអាចនាំឲ្យមានបញ្ហាសាច់ដុំធ្ងន់។ ការហាត់បែបនេះ មានដូចជា ឈរជើងមួយលាតដៃត្រដាង ឬងើបឈរឡើងចុះជាដើម ។ គួរហាត់ដើម្បីឲ្យសាច់ដុំ និងសរសៃយឺតល្អ អាចកម្ពៅសាច់ដុំ មុន ឬក្រោយពីហាត់បែប Aerobic (ដើរ រត់ ហែលទឹក ជិះកង់)។នេះជាតិចនិក៖– ហាត់ជិតជញ្ជាំង ឬកៅអី ដើម្បីបង្ការក្រែងលោដួល– ហាត់ល្មមៗ ឬមធ្យមបានហើយ កុំដាក់សម្ពោធលើរាងកាយខ្លាំងពេក– គួរមានស្បែកជើងកីឡា កង់ ឬ ឧបករណ៍ហាត់ផ្សេងទៀតឲ្យបានត្រឹមត្រូវ– បើមានអាការៈឈឺចាប់ ឈឺទ្រូង សន្លាក់ ពិបាកដកដង្ហើម ឬមានអារម្មណ៍ថាមិនស្រួល ហើយខ្សោយ កុំទ្រាំហាត់ទៀត។ភាពសកម្ម គឺល្អសម្រាប់សុខភាព ដូច្នេះគួរមានទម្លាប់ហាត់ប្រាណ និងស្វែងយល់ពីដំបូន្មានល្អៗ ដើម្បីឲ្យមានផលល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet