ញ៉ាំគ្រឿងសមុទ្រ? បើចេញរោគសញ្ញាទាំងនេះជួបបញ្ហាអាលែកហ្ស៊ីហើយ - TrueID

ញ៉ាំគ្រឿងសមុទ្រ? បើចេញរោគសញ្ញាទាំងនេះជួបបញ្ហាអាលែកហ្ស៊ីហើយ

September 1, 2022

គ្រឿងសមុទ្រ គឺជាអាហារមានសារធាតុចិញ្ចឹមច្រើន មិនថាប្រូតេអ៊ីន វីតាមីន រ៉ែ អាស៊ីតខ្លាញ់ សុទ្ធសឹងត្រូវបាន​រកឃើញក្នុងរបបអាហារប្រភេទនេះ។ ប៉ុន្ដែចំណុចគួរកត់សម្គាល់នោះ គឺថាអាហារ​សមុទ្រ​ទាំងនោះ បែជាបង្ក​បញ្ហាដល់សុខភាពអ្នកញ៉ាំមួយចំនួនទៅវិញ។ ក្នុងចំណោមមនុស្ស១០នាក់ មាន ២ ទៅ៣នាក់ ប្រឈមនឹង​អាលែក​ហ្ស៊ីអាហារសមុទ្រ ដែលបង្កការរំខានដូចជា រមាស់ ឡើងកន្ទួល ក្អួតចង្អោរ និងមានករណីធ្ងន់ធ្ងរជាច្រើនទៀត។

មូលហេតុបង្កឲ្យអាលែកហ្ស៊ី

បញ្ហាអាលែកហ្ស៊ីបង្កឡើងដោយសារតែ ប្រព័ន្ធការពារក្នុងរាងកាយធ្វើការប្រឆាំង ដោយចាត់ទុកសារធាតុចិញ្ចឹមក្នុងអាហារសមុទ្រទាំងនោះ ជាពពួកបាក់តេរីអាក្រក់ចូលរាតត្បាតក្នុងរាងកាយដោយអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

គ្រឿងសមុទ្រដែលអាចបង្កបញ្ហាអាលែកហ្ស៊ីចែកជាពីរក្រុម ក្រុមសត្វមានឆ្អឹងកង និង សត្វអត់ឆ្អឹងកង។ សត្វឆ្អឹងកងមានពពួកត្រី និង សត្វអត់ឆ្អឹងកងមានពពួក ក្ដាម បង្គា មឹក បង្កង អយស្ទ័រ និង ខ្យងជាដើម។ អ្នកញ៉ាំគ្រឿងសមុទ្រមួយចំនួន ជួបបទពិសោធន៍ផ្សេងៗគ្នា ខ្លះអាលែកហ្ស៊ីជាមួយពពួកត្រី តែមិនអាលែកហ្ស៊ីជាមួយ ពពួកក្ដាម អ្នកខ្លះអាលែកហ្ស៊ីជាមួយពពួក្ដាម តែមិនអាលែកហ្ស៊ីជាមួយត្រី និង ក្រុមខ្លះទៀត គឺអាលែក​ហ្ស៊ីទាំងអស់តែម្ដង។

រោគសញ្ញានៃអាលែកហ្ស៊ីអាហារសមុទ្រ

អាលែកហ្ស៊ីជាមួយអាហារសមុទ្រក្នុងកម្រិតស្រាលមានដូចជា៖

  • កន្ទួលកហម
  • ហើមខ្លះនៅលើមុខ បបូរមាត់ ឬភ្នែក
  • ឈឺពោះ ក្អួត ឬ រាក
  • ចុករួយក

អាលែកហ្ស៊ីជាមួយអាហារសមុទ្រក្នុងកម្រិតធ្ងន់មានដូចជា៖

  • ពិបាកដកដង្ហើម
  • ហើមអណ្តាត ឬ បំពង់ក
  • សំឡេងស្អក ឈឺក ឬ ពិបាកនិយាយ
  • វិលមុខ ឬ ដួលដោយសារលើសសម្ពាធឈាម ឬធ្លាក់ចុះភ្លាមៗ

ប្រសិនបើគ្នា​យើង​អាលែកហ្ស៊ីទៅនឹងអាហារសមុទ្រ ជាធម្មតារោគសញ្ញានឹងលេចឡើងក្នុងរយៈពេលប៉ុន្មាននាទី ប៉ុន្តែមនុស្សមួយចំនួនទៀត ជាពិសេសអ្នកដែលមានអាលែកហ្ស៊ីទៅនឹងអយស្ទ័រ មឹក ឬបង្គា អាចនឹងបង្ហាញរោគសញ្ញារហូតដល់ប៉ុន្មានម៉ោងក្រោយមក។ ពេលខ្លះវាកើតឡើងបន្ទាប់ពីការហាត់ប្រាណ។

តើគួរធ្វើបែបណាប្រសិនបើមានបញ្ហាអាលែកហ្ស៊ីអាហារសមុទ្រ?

បើចេញ​អាការៈអាលែកហ្ស៊ីអាហារសមុទ្រក្នុងកំលុងពេល​ញ៉ាំ យើង​ត្រូវបញ្ឈប់ការ​ញ៉ាំ​ជាដាច់ខាត មិនខ្វល់ថា អ្នកបានញ៉ាំប្រភេទត្រី ឬប្រភេទ​ក្ដាមតិច ឬ ច្រើននោះទេ ទាំងនោះអាចជារោគសញ្ញាលើកដំបូងដែលទើបង្កឡើង ក្នុងករណីដែលយើងនៅតែបន្ដញ៉ាំ​ អាចបង្កគ្រោះថ្នាក់ដល់ជីវិតប្រសិនបើ បរិមាណនៃអាហារសមុទ្រនោះកើនឡើងកាន់តែច្រើន។

ប្រសិន​​បើអាការៈនោះបង្ហាញរោគសញ្ញធ្ងន់ធ្ងរ ដូចបានបង្ហាញខាងលើ យើង​ត្រូវ​ស្វែង​រក​ជំនួយ​ដើម្បី​បាន​ទៅមន្ទីរពេទ្យឲ្យ​បានឆាប់រហ័ស ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា។

តើក្រុមមនុស្សប្រភេទណាដែលប្រឈមនឹងបញ្ហាអាលែកហ្ស៊ីនេះ?

មកទល់ពេលបច្ចុប្បន្ននៅមិនទាន់មានការស្រាវជ្រាវណាមួយអាចបញ្ជាក់ច្បាស់លាស់នៅឡើយទេ ថាក្រុមមនុស្សប្រភេទ​ណា ដែលស្ថិតក្នុងការប្រឈមនឹងការអាលែកហ្ស៊ីនេះ។ ប៉ុន្ដែកន្លងមកមានការលើកឡើងច្រើនថា អ្នកមាន​ប្រវត្ដិ​គ្រួសារជួបបញ្ហានេះ អាចមានភាគរយ ខ្ពស់ជាងគេ បើធៀបទៅអ្នកគ្មានប្រវត្ដិគ្រួសារធ្លាប់កើត​អាលែក​​ហ្ស៊ី។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...