ថ្វីត្បិតតែគ្រាប់ល្ពៅជាប្រភពនៃសារធាតុចិញ្ចឹម ប៉ុន្តែបើយើងញ៉ាំលើសកម្រិត អាចបង្កជាផលប៉ះពាល់ដល់សុខភាពទៅវិញ។ ជាក់ស្ដែង គ្រាប់ល្ពៅសម្បូរទៅដោយស័ង្កសី ម៉ាញេស្យូម ផូស្វ័រ ទង់ដែង និងប្រូតេអ៊ីន ព្រមទាំងអាស៊ីដខ្លាញ់សំខាន់ៗ ដែលជួយរក្សាសរសៃឈាមឲ្យមានសុខភាពល្អ និងកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់នៅក្នុងរាងកាយថែមទៀតផង។
បើយោងតាមសមាគមបេះដូងអាមេរិកបានណែនាំថា យើងគប្បីញ៉ាំគ្រាប់ល្ពៅត្រឹមតែ២៨ក្រាម ទៅ៣០ក្រាមជារៀងរាល់ថ្ងៃ និងមិនត្រូវញ៉ាំលើសកម្រិតឡើយ ពីព្រោះវាអាចបង្កជាបញ្ហាសុខភាពផ្សេងទៅវិញ។តើការញ៉ាំគ្រាប់ល្ពៅលើសកម្រិតបណ្ដាលប៉ះពាល់អ្វីខ្លះដល់សុខភាព?
ពិតណាស់ គ្រាប់ល្ពៅអាចបណ្ដាលឲ្យឈឺពោះ ប្រសិនបើយើងញ៉ាំក្នុងបរិមាណច្រើន ពីព្រោះសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលអាចបង្កជាអាការៈហើមពោះ និងហ្គាស។ ជាមួយគ្នានេះដែរ គ្រាប់ល្ពៅក៏ផ្ទុកប្រេងខ្លាញ់ ដែលអាចនាំឲ្យរមួលក្រពើ និងឈឺចាប់ បើញ៉ាំលើសកម្រិត។
មនុស្សជាច្រើន អាលែកហ្ស៊ីនឹងគ្រាប់ល្ពៅ និងកើតមានប្រតិកម្មមួយចំនួនដូចជារលាកបំពង់ក ក្អក និងឈឺក្បាលជាដើម។
ដោយសារតែគ្រាប់ល្ពៅផ្ទុកទៅដោយកាឡូរី ការញ៉ាំគ្រាប់ល្ពៅច្រើនជ្រុល អាចនាំឲ្យយើងឡើងទម្ងន់ដោយមិនដឹងមូលហេតុ។ ដូច្នេះហើយ គ្នាយើងគប្បីញ៉ាំគ្រាប់ល្ពៅក្នុងកម្រិតមួយសមល្មម ទើបជាការប្រសើរ។
ក្នុងករណីដែលគ្នាយើងមានសម្ពាធឈាមទាបស្រាប់ គួរជៀសវាងញ៉ាំគ្រាប់ល្ពៅ ពីព្រោះថាគ្រាប់ធញ្ញជាតិមួយប្រភេទនេះ មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មពីធម្មជាតិ និងកាន់តែជួយកាត់បន្ថយសម្ពាធឈាមរបស់យើងឲ្យស្ថិតក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet