រលាកអាងត្រគាក ជាឈ្មោះជំងឺបង្ករោគនៅផ្នែកណាមួយនៃសរីរាង្គបន្តពូជស្ត្រីដូចជា ដៃស្បូន ក្រពេញមេជីវិត (អូវ៉ែ) មាត់ស្បូន និងតួស្បូន ឬឆ្អឹងអាងត្រគាកនៅផ្នែកក្រោមពោះរបស់ស្ត្រី។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ជំងឺរលាកអាងត្រគាកកើតឡើង ប្រសិនបើស្ត្រីមានជំងឺកាមរោគដែលមិនបានព្យាបាលសះស្បើយ ជាពិសេស ជំងឺបង្កដោយបាក់តេរី ប្រមេះទឹកបាយ ឬជំងឺប្រមេះទឹកថ្លា ប៉ុន្តែមិនមែនជំងឺអាងត្រគាកទាំងអស់សុទ្ធតែបណ្ដាលមកពីជំងឺកាមរោគនោះទេ។ មូលហេតុមួយចំនួនទៀតដែលបង្កជំងឺរលាកអាងត្រគាកមានដូចជា៖
វេជ្ជបណ្ឌិតរូបនេះបន្តឲ្យដឹងទៀតថា មេរោគដែលបង្កជំងឺរលាកអាងត្រគាកធ្វើដំណើរពីទ្វារមាស ឆ្លងតាមមាត់ស្បូនចូលទៅក្នុងស្បូន ដៃស្បូន និងអូវ៉ែ។ ចំណែកស្ត្រីដែលមានបញ្ហារលាកអាងត្រគាកនេះ ភាគច្រើនបង្ហាញរោគសញ្ញាដូចជា៖
– ឈឺចាប់ផ្នែកក្រោមពោះ (អាងត្រគាក) វាអាចមានសភាពស្រាល ឬធ្ងន់
– ឈឺចាប់ ឬហូរឈាមក្នុងពេលរួមភេទ
– មានសភាពទន់នៅពេលចុចលើពោះផ្នែកខាងក្រោម
– គ្រុនក្ដៅ
– មានអារម្មណ៍ថាឈឺធ្ងន់ ខ្សោយ អស់កម្លាំងល្ហិតល្ហៃ
– ហូរឈាមខុសធម្មតា ឬធ្លាក់សធុំក្លិនអាក្រក់ពីទ្វារមាស
- ឈឺចាប់ក្នុងពោះខ្លាំង ក្អួតចង្អោរ ឬរហូតឈឺដល់សន្លប់ក៏មាន។
ដូចជំងឺដទៃមួយចំនួនដែរ ជំងឺរលាកអាងត្រគាកក៏ផ្ដល់ផលវិបាកទៅដល់ស្ត្រីដែរ ក្នុងករណីមិនបានព្យាបាលទាន់ពេលទេ វាអាចបណ្ដាលឲ្យមានការឈឺចាប់រ៉ាំរ៉ៃ អារ(គ្មានកូន) ឬជំងឺកូនក្រៅស្បូន ឈឺធ្ងន់ធ្ងរ ឬស្លាប់ដោយសារមេរោគជ្រៀតចូលទៅក្នុងចរន្តឈាម (ករណីកម្រ)។
លោកវេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រីរូបនេះផ្ដល់ដំបូន្មានដល់ស្ត្រី ដើម្បីកាត់បន្ថយហានិភ័យជំងឺរលាកអាងត្រគាកនេះដោយ៖
១. រួមភេទប្រកបដោយសុវត្ថិភាព
២. ធ្វើតេស្ដរកការឆ្លងជំងឺកាមរោគ
៣. ចៀសវាងងូតទឹកអាង ឬហែលទឹកអាងរួមគ្នាច្រើន
៤. អនាម័យទ្វារមាស ត្រូវជូតពីមុខទៅក្រោយបន្ទាប់ពីប្រើបន្ទប់ទឹក ដើម្បីកុំឲ្យបាក់តេរីចូលតាមទ្វារមាស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet