ពិធីបុណ្យប្រពៃណីជាតិ តែងធ្វើជារៀងរាល់ឆ្នាំនៅខែចែត្រ ឬខែវិសាខ ជាខែដែលប្រជាជន ខ្មែរទំនេរពីការងារស្រែចម្ការតែងតែមកជួបជុំគ្នា។ ម្យ៉ាងទៀតរយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និងញាតិមិត្ដ ទៅប្រកបរបរចិញ្ចឹមជិវិតនៅទីឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជួបជុំគ្នា សួរសុខទុក្ខគ្នា ដើម្បីបន្ថយការនឹករឭក និងពិសេសការតបគុណ ចំពោះមាតាបិតា និងអ្នកដែលមានគុណ។
ដោយហេតុថា បុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃពុធ គឺត្រូវវេនរបស់ ទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន (ខៀវស្រគាំ) លម្អនូវព្រះកាណ៌ ដោយសៀតផ្កាចម្ប៉ា អាភរណៈទ្រង់ពាក់កែវពិទូរ្យ ភក្សាហារទ្រង់សោយសប្បិ (ទឹកដោះថ្លា) ទ្រង់អាវុធព្រះហស្តស្តាំទ្រង់អញ្ជុល (ម្ជុល) ព្រះហស្តឆ្វេងទ្រង់យដ្ឋិ (ឈើច្រត់) គង់ផ្ទំបើកព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈ។
ដូចនេះរៀបសម្រាប់គ្រឿងរណ្តាប់ ទទួលទេវតាឆ្នាំថ្មីនេះមានដូចជា៖
បាយសី ១គូ ,ស្លាធម៌ ១គូ ,ធូប៥ ,ទៀន៥ ,ទឹកអប់ ១គូ ,ផ្កាភ្ញី ,លាជ ,ទឹក ១ផ្តិល , ភេសជ្ជៈ និងនំនែក ផ្លែឈើគ្រប់មុខ។
ដូចនេះ នៅក្នុងឱកាសឆ្នាំនេះ ពលរដ្ឋទូទៅអាចនាំគ្នារៀបចំបាយ ម្ហូប សម្លៀកបំពាក់ និងថវិកាផ្ទាល់ខ្លួន ជូនឪពុកម្តាយ និងសាច់ញាតិបងប្អូន ឬរៀបចំចង្ហាន់ផ្សេងៗប្រគេនព្រះសង្ឃជាធម្មតា ដោយពុំចាំបាច់មានមនុស្ស ចូលរួមអ៊ូអរច្រើនឡើយ។ ក្នុងន័យកាត់បន្ថយ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរំឭកនឹកគុណដល់អ្នក ដែលមានគុណ និងគ្រូបាធ្យាយជាដើម។៕