នៅពេលខ្លះ គ្នាយើងអាចមិនចាប់អារម្មណ៍នឹងទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ប៉ុន្តែទម្លាប់ទាំងនេះ អាចជាឫសគល់នាំឲ្យយើងបាត់បង់លទ្ធភាពមានកូនបាន។ មិនថាយើងកំពុងតែព្យាយាមយកកូន ឬអត់ទេ គួរតែយកចិត្តទុកដាក់នឹងរឿងរ៉ាវតូចតាចទាំងនេះ។
លទ្ធភាពមានកូនរបស់គូស្នេហ៍ អាចថយចុះប្រសិនបើយើងប្រឈមនឹងសារធាតុគីមី ជាតិពុល ថ្នាំសម្លាប់សត្វល្អិត និងសារធាតុឧស្សាហកម្មជាក់លាក់ ដែលអាចធ្វើឲ្យឱកាសមានផ្ទៃពោះថយចុះរហូតដល់២៩ភាគរយ។ សារធាតុទាំងនេះ រួមមានPCBs, Phthalates និង Furan ដែលមាននៅក្នុងផលិតផលប្រើប្រាស់ក្នុងផ្ទះ ដូចជាផលិតផលសម្អាត និងផលិតផលថែរក្សាសម្រស់។
ជាមួយគ្នានេះដែរ ការរួមភេទដោយមិនបានការពារ អាចបង្កើនហានិភ័យនៃការឆ្លងជំងឺកាមរោគ។ ពិតណាស់ ជំងឺកាមរោគជាច្រើនមិនបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងទេ ប៉ុន្តែបើយើងមិនបានព្យាបាលទេនោះ ជំងឺកាមរោគអាចរារាំងដល់ប្រព័ន្ធបន្តពូជរបស់យើងបាន ដែលជាហេតុនាំឲ្យយើងពិបាកមានកូន។
គ្នាយើងដឹងអត់ថា ស្រ្តេសជះឥទ្ធិពលអវិជ្ជមានលើបញ្ហាមានផ្ទៃពោះ? ហើយការកើនឡើងកម្រិតស្រ្តេស អាចរឹតត្បិតប្រព័ន្ធបន្តពូជទាំងបុរស និងស្ត្រីដែលធ្វើឲ្យយើងកាន់តែពិបាកក្នុងការមានផ្ទៃពោះ។
ក្រៅពីបង្កគ្រោះថ្នាក់ដល់សួត និងបង្កើនហានិភ័យនៃការកើតជំងឺជាច្រើនទៀត ការជក់បារីក៏ប៉ះពាល់ដល់ការមានកូនដូចគ្នា។ ជាក់ស្ដែង ការជក់បារីអាចបណ្ដាលឲ្យស្ត្រីអស់រដូវមុនវ័យ និងអាចធ្វើឲ្យមេជីវិតឈ្មោលធ្លាក់ចុះផងដែរ។
ដល់ពេលដែលយើងគួរកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនហើយ ប្រសិនបើយើងញ៉ាំភេសជ្ជៈមួយប្រភេទនេះ ចំនួន៣ទៅ៤ពែងជារៀងរាល់ថ្ងៃ ពីព្រោះការញ៉ាំជាតិកាហ្វេអ៊ីនច្រើនអាចកាត់បន្ថយការផលិតមេជីវិតឈ្មោល ព្រមទាំងអាចធ្វើឲ្យស្ត្រីរលូតកូន និងពិបាកមានកូនថែមទៀតផង។ ហេតុដូច្នេះហើយ យើងគួរញ៉ាំកាហ្វេអ៊ីនត្រឹម២ពែង ឬមិនលើសពី២៥០មិល្លីលីត្រទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet