ទឹកមានសារសំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សយើងគ្រប់រូប ហើយក្នុងមួយថ្ងៃ យើងគប្បីញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន៨កែវ។ ពិតណាស់ ការញ៉ាំទឹកក្ដៅឧណ្ហៗ និងទឹកក្ដៅផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយលើសពីការរំពឹងទុក។ ដូច្នេះហើយ គ្នាយើងគប្បីចាប់ផ្ដើមទម្លាប់ញ៉ាំទឹកក្ដៅជំនួសឲ្យការញ៉ាំទឹកត្រជាក់ជារៀងរាល់ថ្ងៃ ទើបជាការប្រសើរ។
គណនា BMI-រាងកាយ ទម្ងន់ និងកម្ពស់ នៅទីនេះ
ទឹកក្ដៅអាចជួយទ្រទ្រង់ដល់ការធ្វើមេតាប៉ូលីស ដែលចាំបាច់សម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់។ វិធីសាស្ត្រដ៏ល្អបំផុត គឺចាប់ផ្ដើមការធ្វើមេតាប៉ូលីសនៅពេលព្រលឹម ដោយការញ៉ាំទឹកក្ដៅឧណ្ហៗជាមួយនឹងក្រូចឆ្មារ។
ទឹកក្ដៅអាចជួយដោះស្រាយជំងឺផ្ដាសាយ ក្អក និងឈឺបំពង់កបានយ៉ាងមានប្រសិទ្ធភាព។ វាអាចរំលាយស្លេស្ម និងជួយកម្ចាត់ស្លេស្មចេញពីផ្លូវដង្ហើម ។ បន្ថែមពីនេះ វាក៏អាចបន្ថយអាការៈឈឺបំពង់កផងដែរ។
គណនា BMR-អត្រាដុតកាឡូរី នៅទីនេះ
ជាមួយគ្នានេះដែរ ទឹកក្ដៅអាចជួយកាត់បន្ថយអាការៈចុកពោះនៅពេលមករដូវ។ កម្ដៅនៃទឹកអាចជួយឲ្យសាច់ដុំពោះមានភាពធូរស្រាល ដែលជួយព្យាបាលបញ្ហាចុកពោះ និងការកន្ត្រាក់សាច់ដុំ។
បន្ថែមពីនេះ ទឹកក្ដៅក៏អាចបន្សាបជាតិពុលចេញពីរាងកាយបានផងដែរ។ នៅពេលយើងញ៉ាំទឹកក្ដៅ សីតុណ្ហភាពនៅក្នុងរាងកាយនឹងចាប់ផ្ដើមកើនឡើង ជាហេតុបណ្ដាលឲ្យយើងបែកញើស។ កត្តានេះអាចជួយបណ្ដេញជាតិពុល និងសម្អាតរាងកាយបានយ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះដែរ ការញ៉ាំទឹកក្ដៅអាចជួយជួសជុលកោសិកាស្បែក ដោយបង្កើនភាពយឺតនៃស្បែក។ ដូចនេះហើយ នៅពេលដែលយើងញ៉ាំទឹកក្ដៅជាប្រចាំ ស្បែករបស់យើងនឹងចាប់ផ្ដើមទន់ល្មើយជាងមុន។
ពិសេសជាងនេះទៅទៀត ការញ៉ាំទឹកក្ដៅក៏អាចជួយសម្អាតរាងកាយបានយ៉ាងជ្រៅ និងអាចកម្ចាត់ឫសគល់នៃការបង្ករោគដែលទាក់ទងនឹងការកើតមុនថែមទៀតផង។
ការញ៉ាំទឹកក្ដៅក៏អាចជួយឲ្យសរសៃសក់ទន់ល្មើយ ព្រមទាំងភ្លឺរលោង។ វាផ្ដល់ថាមពលដល់សរសៃប្រសាទនៅក្នុងឫសសក់ ដែលមានគុណប្រយោជន៍បង្កើនភាពរឹងមាំដល់សរសៃសក់ ជួយឲ្យសក់មានសុខភាពល្អ ព្រមទាំងជំរុញដល់ការលូតលាស់នៃសក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet