គីសទឹកក្រពេញអូវែ អាចបណ្ដាលឲ្យស្រីៗយើងប្រឈមនឹងបញ្ហាផ្សេងៗជាច្រើន ដូចជាមករដូវមិនទៀង ឡើងទម្ងន់ និងមិនអាចមានកូនបាន។ យ៉ាងណាមិញ ទោះជាយើងកើតបញ្ហាសុខភាពមួយនេះក៏ដោយ ក៏នៅតែអាចមានកូនបាន ប្រសិនបើយើងចេះវិធីគ្រប់គ្រងរោគសញ្ញាឲ្យបានល្អ។
ជាទូទៅ ស្រីៗដែលកើតគីសទឹកក្រពេញអូវែ តែងប្រឈមនឹងបញ្ហាភាពធន់នឹងអាំងស៊ុយលីន ដែលជាលទ្ធផលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីនកើនឡើង ដែលធ្វើឲ្យយើងពិបាកក្នុងការមានកូន។ ដើម្បីគ្រប់គ្រងបញ្ហានេះ គ្រូពេទ្យអាចផ្ដល់ជាប្រភេទថ្នាំបញ្ចុះជាតិស្ករក្នុងឈាម ដើម្បីកាត់បន្ថយជាតិស្ករ និងកាបូអ៊ីដ្រាតចម្រាញ់ពីរបបអាហារ ក៏ដូចជាណែនាំឲ្យយើងញ៉ាំពពួកប្រូតេអ៊ីន និងខ្លាញ់សុខភាព ឲ្យបានគ្រប់គ្រាន់។
អ័រម៉ូនដែលមានតុល្យភាព និងក្រពេញអាដ្រេណាល់ មានសារៈសំខាន់ណាស់សម្រាប់ការមានកូន ប៉ុន្តែអ័រម៉ូនស្រ្តេសអាចបង្កផលប៉ះពាល់ដល់អ័រម៉ូនទាំងអស់នៅក្នុងរាងកាយ។ ដូច្នេះហើយ គ្នាយើងគួរកាត់បន្ថយស្រ្តេស ដោយការហាត់យូហ្គា ធ្វើសមាធិ និងចូលរួមសកម្មភាពបែបសប្បាយៗ ដើម្បីជួយឲ្យអារម្មណ៍របស់យើងប្រសើរឡើង។
ពិតណាស់ ស្រីៗដែលកើតជំងឺគីសទឹកក្រពេញអូវែ ច្រើនតែមករដូវមិនទៀង ហេតុនេះ ការតាមដានវដ្ដរដូវជារៀងរាល់ខែ គឺជារឿងចាំបាច់មួយ។ បន្ថែមពីនេះ យើងក៏អាចស្វែងរកតេស្តមេជីវិតញីនៅតាមឱសថស្ថាននានា ដើម្បីដឹងថាពេលណាដែលយើងធ្លាក់មេជីវិតញី និងមានឱកាសមានផ្ទៃពោះខ្ពស់។ ប្រសិនបើលទ្ធផលតេស្តវិជ្ជមាន យើងនឹងធ្លាក់មេជីវិតញីក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃ ហើយការរួមភេទនៅក្នុងអំឡុងពេល៣ថ្ងៃ ក្រោយធ្វើតេស្តរួច អាចបង្កើនឱកាសខ្ពស់ក្នុងការមានកូន។
ជាមួយគ្នានេះដែរ ស្រីៗដែលកើតគីសទឹកក្រពេញអូវែ ចាំបាច់ត្រូវផ្លាស់ប្ដូរបែបបទរស់នៅប្រកបដោយសុខភាពល្អ ដោយបញ្ចូលបន្លែ និងផ្លែឈើទៅក្នុងរបបអាហារ រក្សាទម្ងន់ខ្លួនឲ្យសមល្មម បញ្ឈប់ការជក់បារី កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ហាត់ប្រាណឲ្យបានទៀងទាត់ និងគេងឲ្យបានគ្រប់គ្រាន់ ដើម្បីជួយឲ្យការព្យាយាមយកកូនឆាប់ទទួលបានជោគជ័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet