សួតជាសរីរាង្គនៅក្នុងប្រហោងទ្រូង ដែលមានតួនាទីផ្លាស់ប្ដូរខ្យល់បឺតស្រូបពីខាងក្រៅចូលទៅក្នុងឈាម និងផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ យ៉ាងណាមិញ នៅពេលដែលសួតមានបញ្ហា គ្នាយើងអាចសង្កេតឃើញសញ្ញាព្រមាន និងរោគសញ្ញាមួយចំនួនខាងក្រោម។
អាការៈក្អកដែលមិនបាត់ទៅវិញក្នុងរយៈពេលពី៣ ទៅ៤សប្ដាហ៍ គឺជាការក្អករ៉ាំរ៉ៃ ហើយវាក៏ជាសញ្ញានៃជំងឺសួត ដូចជាជំងឺរលាកទងសួត ជំងឺរលាកសួត (Pneumonia) និងជំងឺហឺត។ មួយវិញទៀត វាក៏ជារោគសញ្ញានៃជំងឺមហារីកសួតផងដែរ។
ជាមួយគ្នានេះដែរ ការក្អកស្លេស្មជារឿងធម្មតាប៉ុណ្ណោះ នៅពេលដែលយើងកើតជំងឺក្អក គ្រុនផ្ដាសាយ ឬគ្រុនក្ដៅ។ ស្លេស្មជាការបណ្ដេញសារធាតុមិនល្អចេញពីរាងកាយ តាមរយៈការក្អក។ ប៉ុន្តែ បើយើងក្អកមានស្លេស្មច្រើនជ្រុលពេញមួយថ្ងៃ វាអាចជាជំងឺសួត ដែលនាំឲ្យមានការប្រមូលផ្ដុំស្លេស្មនៅក្នុងសួតទៅវិញ។
នៅពេលដែលមានការស្ទះផ្លូវដង្ហើម ឬមានអ្វីដែលនាំឲ្យផ្លូវដង្ហើមតូចចង្អៀត យើងអាចនឹងដកដង្ហើមតឹងៗ ដែលនេះក៏អាចជាសញ្ញាដ៏សំខាន់នៃជំងឺហឺត។
ការក្អកមានឈាមតិចតួចនេះ ជាទូទៅមានប្រភពមកពីសួតតែម្ដង ហើយវាកើតឡើងដោយសារតែការក្អករយៈពេលវែង រ៉ាំរ៉ៃ ឬការឆ្លងមេរោគក្នុងទ្រូង ឬជំងឺសួតផ្សេងទៀត ដែលរួមមាន ស្ទះសរសៃឈាមសួត ជំងឺហើមសួត ជំងឺមហារីកសួត និងជំងឺរបេងជាដើម។
ការព្យាយាមដកដង្ហើម ឬពិបាកដកដង្ហើមជាសញ្ញាបញ្ជាក់ថា សួតរបស់យើងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ បញ្ហានេះកើតឡើងភាគច្រើនចំពោះអ្នកជំងឺហឺត រលាកទងសួត រលាកសួត មហារីកសួត និងជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ ។
ប្រសិនបើគ្នាយើងមានអាការៈឈឺទ្រូង ដោយមានក្អក ឬមិនមានក្អក ដែលមានរយៈពេលច្រើនជាងពីរ ឬបីសប្ដាហ៍ និងកាន់តែយ៉ាប់យ៉ឺន នៅពេលដែលយើងដកដង្ហើម ឬក្អក ចូរប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
ក្នុងករណីដែលសួតរបស់យើងកាន់តែខ្សោយទៅៗ ដោយសារតែជំងឺមួយចំនួន ដូចជាមហារីកសួត នោះសួតមិនអាចប្រឆាំងនឹងការឆ្លងមេរោគបានឡើយ។ ដូច្នេះហើយ ការឆ្លងមេរោគក្នុងទ្រូងសារជាថ្មី ជារោគសញ្ញាធ្ងន់ធ្ងរមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet