ពិតណាស់ អំឡុងពេលពពោះ ម៉ាក់ៗតែងតែចង់ឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ និងសម្រាលប្រកបដោយសុវត្ថិភាព។ យ៉ាងណាមិញ ម៉ាក់ៗគួរដឹងពីរបៀបសង្កេតមើលសញ្ញានៃគភ៌ដែលមានសុខភាពល្អ និងសុខភាពខ្សោយ ពីព្រោះថាបើយើងមិនយកចិត្តទុកដាក់ទេនោះ យើងអាចប្រឈមនឹងការរលូតកូននៅមុនសប្ដាហ៍ទី២០។
ជាទូទៅ គភ៌ចាប់ផ្ដើមធ្វើចលនាក្រោយអាយុ៥ខែ និងនៅអាយុ៦ខែ កូនក្នុងផ្ទៃមានប្រតិកម្មទៅនឹងសំឡេងដោយការធ្វើចលនា។ ប្រហែលអាយុ៧ខែ គភ៌នឹងមានប្រតិកម្មទៅនឹងពន្លឺ សំឡេង ឬការឈឺចាប់ និងនៅអាយុ៨ខែ ទារកក្នុងផ្ទៃនឹងចាប់ផ្ដើមផ្លាស់ប្ដូរទីតាំង ក៏ដូចជាធាក់ញឹកញាប់។ ការសិក្សាបានបង្ហាញថា នៅអាយុ៩ខែ គភ៌ធ្វើចលនាកាន់តែតិចទៅ ដោយសារតែមិនសូវមានកន្លែងទំនេរ ដែលសញ្ញាទាំងនេះបញ្ជាក់ថាកូនមានសុខភាពល្អ។
ទន្ទឹមនឹងនេះដែរ គភ៌នឹងលូតលាស់ត្រឹម៥សង់ទីម៉ែត្រជារៀងរាល់ខែ ដូច្នេះហើយនៅអាយុ ៧ខែ គភ៌អាចលូតលាស់បាន៣៥សង់ទីម៉ែត្រ។ ជាធម្មតា ត្រឹមរយៈពេល៩ខែ គភ៌អាចមានទម្ងន់ដល់ ៣គីឡូក្រាម និងមានប្រវែងប្រហែល៤៦សង់ទីម៉ែត្រ។
បេះដូងទារកក្នុងផ្ទៃចាប់ផ្ដើមលោតនៅអាយុ ៥សប្ដាហ៍ ហើយដើម្បីដឹងពីចង្វាក់បេះដូង ក៏ដូចជាហានិភ័យសក្ដានុពលមួយចំនួន គ្រូពេទ្យនឹងធ្វើតេស្តNon-stress test។ ចង្វាក់បេះដូងល្អ ស្ថិតក្នុងចន្លោះ១១០ ដល់១៦០ក្នុងមួយនាទី។
ការឡើងទម្ងន់អំឡុងពេលពពោះ ជាសញ្ញាបញ្ជាក់ថាគភ៌មានសុខភាពល្អ។ ម៉ាក់អាចនឹងឡើងទម្ងន់នៅចន្លោះ១២ ទៅ១៥សប្ដាហ៍ ហើយពោះអាចនឹងរីកធំទៅៗទៅតាមចំនួនខែ។
សញ្ញាមួយចំនួនអំឡុងពេលពពោះ មានសារសំខាន់ណាស់ ពីព្រោះវាអាចឲ្យម៉ាក់ៗយល់ដឹងថា គភ៌ក្នុងផ្ទៃមានសុខភាពខ្សោយ ឬយ៉ាងណា។ ក្នុងករណីដែលគភ៌មានសុខភាពខ្សោយ យើងត្រូវតាមដាន និងយកចិត្តទុកដាក់ឲ្យបានទ្វេដង ដើម្បីបញ្ចៀសការរលូតកូននៅមុនសប្តាហ៍ទី២០។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet