ក្នុងកំឡុងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក្រសួងសុខាភិបាលតែងតែប្រាប់ពីវិធីការពារខ្លួន និងការសម្អាតរាងកាយឲ្យបានល្អទៅដល់ប្រជាជនគ្រប់រូប។ ជាក់ស្តែងវិធីក្នុងការវាស់សីតុណ្ហភាព (វាស់កម្តៅ) បែបនេះយើងអាចវាស់ដោយខ្លួនឯងបាននៅផ្ទះដោយប្រើឧបករណ៍ទែម៉ូម៉ែត្របារត ឬឧបករណ៍វាស់ផ្សេងៗទៀតដែលអាចរកទិញបាននៅតាមឱសថស្ថាននានា។ ប្រសិនជាអ្នកវាស់កម្តៅលើសពី ៣៧.៥ អង្សាសេនោះអ្នកអាចនឹងមានរោគសញ្ញាមួយនៃជំងឺកូវីដ ១៩ ឬអាចនឹងមានរោគសញ្ញាផ្សេងៗទៀតដូចជាឈឺបំពង់ក ក្អក កណ្តាស់ ហៀរសំបោរជាដើម។ ក្នុងន័យនេះគឺយើងត្រូវតែវាស់ឲ្យបានត្រឹមត្រូវ និងការពារខ្លួនរបស់អ្នកពីការកើតជំងឺផ្សេងៗផងដែរ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រវាស់កម្តៅក្នុងខ្លួនមនុស្ស និងការប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវ៖
-ឧបករណ៍វាស់កម្តៅ
ឧបករណ៍ទែម៉ូម៉ែត្របារត ងាយស្រួលស្វែងរកទិញនិងមានតម្លៃសមរម្យ ប៉ុន្តែគ្រាន់តែងាយនឹងបែកបាក់ជាទីបំផុតប្រសិនជាយើងទុកដាក់មិនបានត្រឹមត្រូវ។ វិធីប្រើប្រាស់ទែម៉ូម៉ែត្របារត គឺត្រូវគ្រលាស់ដល់បារតធ្លាក់ដល់ចំណុចក្រោម ៣៥ អង្សាជាមុនសិន។
-សីតុណ្ហភាពកម្តៅនៅក្នុងខ្លួន
សីតុណ្ហភាពធម្មតារបស់មនុស្សគឺ ៣៦ អង្សាសេ។ ប្រសិនបើសីតុណ្ហភាពត្រូវបានវាស់នៅត្រង់ក្លៀកលើសពី ៣៧.៥ ឬលើសពី ៣៨ អង្សាសេនោះមានន័យថាអ្នកកំពុងតែមានអាការក្តៅខ្លួន។
-ការវាស់ត្រង់ក្លៀក
ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសក្មេងៗ។
វិធីវាស់កម្តៅ៖ វិធីក្នុងការប្រើប្រាស់គឺត្រូវគ្រលាស់ដល់បារតធ្លាក់ដល់ចំណុចក្រោម ៣៥ អង្សាបន្ទាប់មកកៀបជាមួយក្លៀកក្នុងរយៈពេល ២-៣ នាទី។
ប្រយ័ត្ន៖ បើវាស់លើក្មេងតូចៗត្រូវប្រយ័ត្នកុំឲ្យគាត់ធ្វើចលនាច្រើន វាអាចនឹងចេញលទ្ធផលមិនត្រឹមត្រូវ។
-ការវាស់ត្រង់រន្ធត្រចៀក
ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់ទារកចាប់ពី ៣ ខែឡើងទៅព្រោះទំហំនៃប្រឡាយត្រចៀកមានទំហំធំល្មមសម្រាប់វាស់ឧបករណ៍មានពន្លឺអ៊ីនហ្វ្រារ៉េដ ដែលអាចជ្រាបចូលក្នុងត្រចៀកបាន។
វិធីវាស់កម្តៅ៖ អ្នកគួរតែប្រើឧបករណ៍ដែលមានពន្លឺអ៊ីនហ្វ្រារ៉េដបាញ់ចូលប្រលោះត្រចៀកប្រហែល ២-៣ វិនាទីនិងគួរតែវាស់ ២ ដងដើម្បីរកមធ្យមភាគ។
-ការវាស់ត្រង់ក្រោមអណ្តាត
ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់ក្មេងតូចៗអាយុលើសពី ៥ ឆ្នាំព្រោះពួកគេមិនអាចខាំក្បាលបារតបាន ប៉ុន្តែនេះជាវិធីសាស្ត្រពេញនិយមសម្រាប់វ័យនេះព្រោះលទ្ធផលគឺជាក់ស្តែង និងត្រឹមត្រូវ។
វិធីវាស់កម្តៅ៖ ដាក់ក្បាលបារតប្រាក់នៅក្រោមអណ្តាតព្រោះវាជាតំបន់ដែលមានសរសៃឈាមវ៉ែនច្រើន និងទទួលបានសីតុណ្ហភាពត្រឹមត្រូវបំផុត មួយវិញទៀតត្រូវវាស់ក្នុងរយៈពេល៣ នាទី។
ការប្រុងប្រយ័ត្ន: នៅពេលវាស់កម្តៅមិនត្រូវឲ្យក្មេងៗដកដង្ហើមតាមមាត់ ហើយមិនគួរផឹកទឹកក្តៅ ឬត្រជាក់មុនពេលវាស់រយៈពេល ១០-១៥ នាទី។
-ការវាស់ត្រង់រន្ធគូថ
ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់ទារកអាយុក្រោម ១ ឆ្នាំ។
វិធីវាស់កម្តៅ៖ វិធីសាស្ត្រនេះនឹងទទួលបានសីតុណ្ហភាពស្នូលរបស់រាងកាយ ដោយយកចុងបារតបញ្ចូលក្នុងរន្ធគូថទារកជម្រៅប្រហែល ១ អ៊ីញរយៈពេល ២ នាទី។ ពេលវាស់ត្រូវសង្កត់បារតនិងកាន់ឲ្យជាប់កុំឲ្យទឹកហូរចូលគូថទារក។
ប្រយ័ត្ន៖ ត្រូវធ្វើឱ្យបានត្រឹមត្រូវ ប្រសិនជាប្រហែសអាចមុជស្បែកគូថរបស់ទារកបាន។
-ការវាស់ត្រង់ថ្ងាស
ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់មនុស្សគ្រប់វ័យ។
វិធីវាស់កម្តៅ៖ ប្រើឧបករណ៍វាស់នៅត្រង់ថ្ងាសរយៈពេល ១៥ វិនាទីរហូតដល់កម្រិតលេខបញ្ឈប់។
ប្រយ័ត្ន៖ កុំឲ្យមានចលនានៅពេលដែលវាស់កម្តៅ។
សរុបសេចក្តីមកប្រសិនវាស់កម្តៅលើសពី ៣៧.៥ អង្សាសេ និងមានអាការគ្រុនក្តៅធម្មតាអ្នកគួរតែសម្រាកឱ្យបានច្រើន ទទួលទឹកឱ្យបានច្រើន និងលេបថ្នាំបញ្ចុះកម្តៅ។ ប្រសិនបើនៅតែមិនប្រសើរឡើងក្នុងរយៈពេល ៣-៤ ថ្ងៃអ្នកគួរតែទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងសម្រាកព្យាបាលត្រឹមត្រូវពីព្រោះតែអំឡុងពេលនេះគឺពិតជាមានការភ័យខ្លាចជាខ្លាំងនៃការកើតជំងឺកូវីដ ១៩៕