ប្រសិនបើយើងមិនញ៉ាំអាហារត្រឹមត្រូវ នៅអំឡុងពេលជាសះស្បើយពីជំងឺគ្រុនឈាមទេនោះ វាអាចបណ្ដាលឲ្យមានផលវិបាករយៈពេលវែង។ ពិតណាស់ រដូវភ្លៀងអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាមដែលបង្កឡើងដោយសត្វមូស ហើយអ្នកដែលកើតជំងឺគ្រុនឈាមប្រឈមនឹងការឈឺក្រពះ គ្រុនក្ដៅខ្លាំង និងរាងកាយចុះខ្សោយ។
នៅក្នុងករណីខ្លះ វាអាចត្រូវការរយៈពេលយូរក្នុងការជាសះស្បើយ។ យ៉ាងណាមិញ ដើម្បីឆាប់ជាសះស្បើយពីជំងឺគ្រុនឈាម គ្នាយើងគប្បីបញ្ចូលអាហារជាក់លាក់ទាំងនេះ។
ទឹកដូងជាប្រភពថាមពលនៃសារធាតុរ៉ែ និងអំបិលសំខាន់ៗ។ វាជួយរក្សាកម្រិតអេឡិចត្រូលីតនៃរាងកាយ ដោយមិនធ្វើឲ្យយើងខ្វះជាតិទឹកឡើយ។ មួយវិញទៀត វាក៏ជួយឲ្យរាងកាយរបស់យើងមានថាមពល និងកាត់បន្ថយភាពទន់ខ្សោយ។ ដូច្នេះហើយ យើងគប្បីញ៉ាំទឹកដូងចំនួន២កែវជារៀងរាល់ថ្ងៃ ក្រោយពេលជាសះស្បើយពីជំងឺគ្រុនឈាម ទើបជាការប្រសើរ។
សារធាតុរាវមានសារសំខាន់ខ្លាំងណាស់ ដើម្បីជួយឲ្យរាងកាយឆាប់ជាសះស្បើយពីជំងឺគ្រុនឈាម ពីព្រោះវាអាចស្រូបចូលទៅក្នុងរាងកាយបានយ៉ាងឆាប់រហ័ស និងជួយបំបាត់ភាពទ្រុឌទ្រោម។ ទឹកផ្លែឈើដូចជាទឹកក្រូចជាប្រភពនៃវីតាមីនដ៏ល្អបំផុត ជាពិសេសវីតាមីនCដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងយ៉ាងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ គ្នាយើងអាចជ្រើសរើសប្រភេទតែផ្សេងៗ ដែលមានដូចជាខ្ញី ឈើអែម។ ប្រភេទតែរុក្ខជាតិអាចជួយឲ្យរាងកាយ និងចិត្តរបស់យើងបានធូរស្រាល។ ជាងនេះទៅទៀត វាក៏អាចជួយជំរុញការគេងដើម្បីឲ្យរាងកាយសម្រាកបានច្រើន ក៏ដូចជាជួយឲ្យយើងឆាប់ជាសះស្បើយ។
ពិតណាស់ រាងកាយរបស់យើងក៏ត្រូវការកាបូអ៊ីដ្រាត ដើម្បីវិលត្រលប់មករកសភាពដើមវិញ ហើយបបរងាយស្រួលក្នុងការរំលាយ ដោយមិនធ្វើឲ្យយើងហើមពោះថែមទៀតផង។ ម្យ៉ាងវិញទៀត ទោះបីជាយើងអាលែកហ្ស៊ីនឹងសារធាតុឡាក់តូសក៏យើងនៅតែអាចញ៉ាំបបរបានយ៉ាងឆ្ងាញ់ដដែល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet