ឈប់យល់ច្រឡំទៅ មូលហេតុ ២ នេះ មិនធ្វើឲ្យឈឺក្រពះទេ - TrueID

ឈប់យល់ច្រឡំទៅ មូលហេតុ ២ នេះ មិនធ្វើឲ្យឈឺក្រពះទេ

January 9, 2021

មាន​ការ​លើក​ឡើង​តៗគ្នា​ថា ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល ឬ​ចូល​ចិត្ត​ញ៉ាំ​ម្ទេស យូរៗ​ទៅ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ក្រពះ។ បញ្ហា​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺ ថ្លើម ក្រពះ ពោះ​វៀន អះ​អាង​ថា មិន​ពិត​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត​ថា ការ​ដែល​ញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​មែន​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ ប៉ុន្តែ​ការ​ដែល​ពេទ្យ​សំណូមពរ​ឲ្យ​ញ៉ាំ​អាហារ​ទៀង​ពេល គឺ​ដើម្បី​សុខភាព​ទូទៅ។ “បើ​និយាយ​ថា ការ​ញ៉ាំ​មិន​ទៀង​ពេល ខ្ញុំ​គ្រូពេទ្យ​ហ្នឹង​ហើយ​ញ៉ាំ​មិន​ទៀង​ពេល​លើស​គេ​លើស​ឯង”។

ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​ហឹរ ឬ​ញ៉ាំ​ម្ទេស​វិញ លោក​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បកស្រាយ​ថា នៅ​ក្នុង​វិទ្យាសាស្ត្រ​មិន​មាន​ការ​ស្រាវជ្រាវ​ណា​មួយ​បញ្ជាក់​ថា ការ​ញ៉ាំ​ម្ទេស​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ គ្រាន់​តែ​បើ​យើង​ឈឺ​ក្រពះ ហើយ​ញ៉ាំ​ម្ទេស​ថែម​ទៀត រឹត​ឲ្យ​ក្រហល់​ក្រហាយ​ក្រពះ​បន្ថែម​តែ​ប៉ុណ្ណោះ។

ចំពោះ​មូលហេតុ​សំខាន់ៗ​នាំ​ឲ្យ​កើត​ជំងឺ​ក្រពះ រួម​មាន​៖

– ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
– ជក់​បារី
– ផឹក​គ្រឿង​ស្រវឹង
– ស្ត្រេស​ខ្លាំង​ ជា​ដើម។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា បើ​មិន​មាន​មូលហេតុ​ទាំង​ប៉ុន្មាន​ខាង​លើ​រួម​ផ្សំ​ទេ ការ​ញ៉ាំ​មិន​ទៀង​ពេល ឬ​ញ៉ាំ​ហឹរ​តែ​មួយ​មុខ មិន​ធ្វើ​ឲ្យ​កើត​ជំងឺ​ក្រពះ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ថា បើ​​មាន​ជំងឺ​ក្រពះ​ហើយ យើង​ញ៉ាំ​មិន​ទៀង​ពេល ឬ​ញ៉ាំ​ហឹរ​ទៀត រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កាន់​តែ​ធ្វើ​ទុក្ខ​បន្ថែម​ទៀត។

វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ ថ្លើម ក្រពះ ពោះ​វៀន
វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ ថ្លើម ក្រពះ ពោះ​វៀន

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...