យល់ដឹង៖ យើងដឹងហើយថា ក្នុងមួយថ្ងៃមានរយៈពេល២៤ម៉ោង តែមនុស្សមួយចំនួនជឿថា នៅព្រឹត្តិការណ៍សមរាត្រី (Equinox) នឹងមានរយៈពេលថ្ងៃនិងយប់ស្មើគ្នាដោយពេលថ្ងៃមានរយៈពេល១២ម៉ោង និងពេលយប់មានរយៈពេល១២ម៉ោងដូចគ្នា។ ជាក់ស្ដែង នៅថ្ងៃសមរាត្រីរយៈពេលថ្ងៃនិងយប់អាចនឹងលំអៀង ពោលគឺវាមិនអាចមានរយៈពេល១២ម៉ោងស្មើគ្នានោះទេ។
បើតាមគេហទំព័រ Time and Date នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២:២០រំលងអធ្រាត្រ គឺជាពេលដែលពន្លឺព្រះអាទិត្យជះកាត់តំបន់ខ្សែអេក្វាទ័ររបស់ផែនដីឬតំបន់អេក្វាទ័រគឺជាចំណុចនៅលើផែនដីដែលបែរងាកជិតជាងគេទៅកាន់ព្រះអាទិត្យនោះគេហៅថាសមរាត្រី។ សមរាត្រីគឺជាព្រឹត្តិការណ៍មួយដែលគេប្រារព្ធរួមគ្នានៅជុំវិញពិភពលោក ប៉ុន្តែរយៈពេលថ្ងៃនិងយប់ក្នុងព្រឹត្តិការណ៍នេះ គឺស្ទើរតែស្មើគ្នាប៉ុណ្ណោះ។ បើយោងតាមគេហទំព័រ Time and Date ដដែល នៅថ្ងៃទី២៣ ខែកញ្ញានេះ ពេលថ្ងៃនៅកម្ពុជាមានរយៈពេល ១២ម៉ោង៦នាទី ពោលគឺលើសពេលយប់៦នាទី។
យ៉ាងណាមិញ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ពិតជាកើតមាននៅលើផែនដីតែស្ថិតនៅពេលវេលាផ្សេងគ្នាៗទៅតាមតំបន់នៅលើផែនដី ដែលគេហៅថា សមថ្ងៃ (Equilux)។ ព្រឹត្តិការណ៍សមថ្ងៃ កើតឡើងនៅមុនព្រឹត្តិការណ៍សមរាត្រី ក្នុងខែមីនានិងកើតក្រោយព្រឹត្តិការណ៍សមរាត្រី ក្នុងខែកញ្ញា។ នៅកម្ពុជា ព្រឹត្តិការណ៍សមថ្ងៃកើតមាន នៅប្រហែល១០ថ្ងៃមុននិងក្រោយព្រឹត្តិការណ៍សមរាត្រី។ ក្នុងខែមីនា រយៈពេលថ្ងៃនិងយប់ស្មើគ្នាកើតឡើងនៅកម្ពុជាប្រហែលថ្ងៃទី១០និង១១ ចំណែកក្នុងខែកញ្ញា វាកើតឡើងក្រោយព្រឹត្តិការណ៍សមរាត្រី ដោយនឹងកើតឡើងប្រហែលថ្ងៃទី២ឬ៣ ខែតុលា។
អ្វីដែលមិនអាចបំភ្លេចបាននោះព្រឹត្តិការណ៍សមរាត្រីគឺជាសញ្ញាបង្ហាញប្រាប់ថា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្តតែមិនមែនមានន័យថា នៅថ្ងៃនេះថ្ងៃនិងយប់មានរយៈពេលស្មើគ្នានោះទេ៕
ប្រភព: Time and Date