ប្រវត្តិ! នៅពី​ក្រោយ​ភាព​ជោគ​ជ័យ​របស់​ CoCa Cola ​តាម​ពិត​ចាប់​​ផ្តើម​​ដំបូង​​ជា «​ទឹក​ធម្មតា» ​តែបន្ថែម​រសជាតិ​បែប​នេះ​ - TrueID

ប្រវត្តិ! នៅពី​ក្រោយ​ភាព​ជោគ​ជ័យ​របស់​ CoCa Cola ​តាម​ពិត​ចាប់​​ផ្តើម​​ដំបូង​​ជា «​ទឹក​ធម្មតា» ​តែបន្ថែម​រសជាតិ​បែប​នេះ​

December 8, 2020

ជាការពិត! គ្រាន់តែលឺពាក្យថា CoCa Cola ឬ កូកាកូឡា (ជាភាសាខ្មែរ) អ្នកអាន ឬមនុស្សជុំវិញពិភព​លោក​ប្រាកដជា​បានស្គាល់នូវភេសជ្ជៈដ៏ពេញនិយមកម្រិតពិភពលោកមួយនេះ។ កូកាកូឡា គឺជាភេសជ្ជៈ ដែលគេនិយម​ចូលចិត្តគ្រប់​ពេលវេលា ព្រមទាំងអាចយកមកប្រើប្រាស់សម្រាប់ពិសារគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈនៃកម្មវិធី​ផងដែរ។ ជាជាក់ស្តែងក្នុងព្រះរាជាណាចក្រកម្ពុជាយើងផ្ទាល់ ភេសជ្ជៈពណ៌ខ្មៅមួយនេះត្រូវបានគេប្រើប្រាស់ស្ទើរ​គ្រប់កម្មវិធី​បុណ្យទានផ្សេង ឬការជួបជុំគ្នាលក្ខណៈមិត្តភក្តិ ឬគ្រួសារក្តី ឬពេលធ្វើដំណើរកម្សាន្តនានា។ល។

រូបភាពលោក John S.Pemberton
រូបភាពលោក John S.Pemberton

ទឹកកូកាកូឡា ត្រូវបានបង្ហាញវត្តមានលើភពផែនដីដំបូងបំផុតនាឆ្នាំ ១៨៨៦ (គិតមកទល់បច្ចុប្បន្នមានអាយុ ១៣៤ ឆ្នាំ) ផលិតដោយលោក John S.Pemberton ដែលមានសញ្ជាតិសហរដ្ឋអាមេរិក។ ទឹកកូកាកូឡា ត្រូវបានបង្កើត​ឡើង​ដំបូងក្នុងគោលបំណងជាលក្ខណៈទឹកពីសារធម្មតា គ្រាន់បន្ថែមរសជាតិប្លែក ហើយត្រូវបានដាក់លក់ក្នុងកូន​តូបលក់ភេសជ្ជៈរបស់គាត់នៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។

ត្បិតបុរសខាងលើជាអ្នកបង្កើតទឹកប្រភេទនេះឡើងក៏ដោយក្តី ប៉ុន្តែការរីកធំធាត់ និងត្រូវបានទទួលស្គាល់​ជុំវិញ​ពិភព​លោកដូចសព្វថ្ងៃ បន្ទាប់ពីត្រូវបានលក់រូបមន្ត និងសិទ្ធិគ្រប់គ្រងនេះដល់ទៅបុរសអ្នកជំនួញម្នាក់ទៀតឈ្មោះ Asa Griggs Candler ក្រោយពីមានការណែនាំពីមិត្តភក្តិម្នាក់ទៀតឈ្មោះ Frank M. Robinson (ជាបុគ្គល​ប្រសិទ្ធនាមពាក្យ CoCa Cola ដល់ភេសជ្ជៈនេះឡើង) ។ កិច្ចព្រមព្រៀងទិញនាឆ្នាំនោះត្រូវបានឲ្យដឹងថាមានតម្លៃត្រឹម ២ ៣០០ ដុល្លារប៉ុណ្ណោះ។

រូបភាពដំណើរវិវត្តន៍នៃដបច្រកភេសជ្ជៈកូកាកូឡា
រូបភាពដំណើរវិវត្តន៍នៃដបច្រកភេសជ្ជៈកូកាកូឡា

បន្ទាប់ពីទិញសិទ្ធិគ្រប់គ្រង និងរូបមន្តមកលោក Asa Griggs Candler ក៏បានចាប់ផ្តើមច្នៃប្រឌិត ដោយបាន​ច្រកជា​ដបលក់តែម្តង ហើយគ្រានោះក៏មានការចាប់អារម្មណ៍កាន់តែច្រើនឡើងៗ ពីសំណាក់ភ្ញៀវក្នុងតំបន់មូលដ្ឋាន និងបន្ត​សាយ​ភាយការកម្ម៉ង់ទិញពីបណ្តារដ្ឋផ្សេងៗ ទៀតផង។

មិនយូរមិនឆាប់! រហូតមកដល់ត្រឹមឆ្នាំ ១៨៩២ បុរស​រូប​នេះ​បានសម្រេចចិត្តប្រកាសបើកក្រុមហ៊ុនកូកាកូឡា (The CoCa-Cola Company) ឡើងជាផ្លូវការមកទល់​បច្ចុប្បន្នភាព ​មានអាយុកាល​សរុប ១២៨ ឆ្នាំទៅហើយ ដែលមាន​ទីស្នាក់ការនៅទីក្រុង Atlanta រដ្ឋ រដ្ឋ Georgia សហរដ្ឋអាមេរិក។ 

រហូតមកដល់ឆ្នាំ ១៩១៩ ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា បានចាប់ផ្តើមលក់សិទ្ធិចែកចាយដល់បណ្តាអ្នកទិញដទៃទៀត​ពាសពេញសហរដ្ឋអាមេរិក ដោយមានសរុបជាង ៥ សែនកន្លែងឯណោះ។ ក្រោយបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងទឹកដី​សហរដ្ឋអាមេរិកអស់រយៈពេលជិត ១ សត្សវត្សរិ៍ ទីបំផុតកំឡុងទស្សវត្សរិ៍ឆ្នាំ ១៩៨០ ក្រុមហ៊ុននេះចាប់ផ្តើមបើក​ជំហរ​ចាប់ដៃគូពីវិនិយោគិនបរទេសណា ដែលមានចំណាប់អារម្មណ៍ ហើយក៏បានទម្លាយខ្លួនជាក្រុមហ៊ុន​សម្ព័ន្ធចាប់ផ្តើម​ដំណើរការ នៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកតែម្តងដូចសព្វថ្ងៃ។ 

ទីតាំងក្រុមហ៊ុនកូកាកូឡា នៅកម្ពុជា (ទីតាំង ខណ្ឌឬស្សីកែវ)
ទីតាំងក្រុមហ៊ុនកូកាកូឡា នៅកម្ពុជា (ទីតាំង ខណ្ឌឬស្សីកែវ)

យោងតាមរបាយការណ៍ចុងក្រោយ ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនកូកាកូឡានៅជុំវិញពិភពលោកតែម្តង រកចំនួនទឹក​ប្រាក់​ដែលរកបានសរុបមានរហូតដល់ទៅ ៨៦ ពាន់លានដុល្លារ និងមានបុគ្គលិកបម្រើការសរុបទូទាំងផែនដីប្រមាណ៨៦ ២០០ នាក់ ខណៈមានក្រុមហ៊ុនសម្ព័ន្ធនៅតាមបណ្តាប្រទេសដទៃក្រៅពីសហរដ្ឋអាមេរិកសរុបជាង ២០០ កន្លែង៕ 

ទាក់ទងជាមួយ:
ជំនួញ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...