វីរុស​ដែល​វាយលុកសួតធ្ងន់ធ្ងរ​ស្រដៀងនឹង​​កូវីដ១៩ ត្រូវ​អាមេរិក​ប្រកាស​រកឃើញថា​​ឆ្លង​ពី​សត្វ​កណ្តុរ​​មកមនុស្ស​នៅ​អាមេរិក - TrueID

វីរុស​ដែល​វាយលុកសួតធ្ងន់ធ្ងរ​ស្រដៀងនឹង​​កូវីដ១៩ ត្រូវ​អាមេរិក​ប្រកាស​រកឃើញថា​​ឆ្លង​ពី​សត្វ​កណ្តុរ​​មកមនុស្ស​នៅ​អាមេរិក

June 10, 2021

តាម​ការចុះ​ផ្សាយនា​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ២០២១ នៃ​គេហទំព័រ www.nbcchicago.com អាមេរិករកឃើញ​វីរុស​មួយ​​ប្រភេទដែលអាចបង្កជំងឺសួតធ្ងន់ធ្ងរ បាន​ឆ្លងពីសត្វកណ្តុរមកមនុស្ស។ នាយកដ្ឋាន​សុខភាពសេវាធនធានមនុស្ស​នៃ​រដ្ឋ​មីឈី​ហ្គែន បាន​ប្រកាសអំពី​ករណីការឆ្លងជាថ្មីនៃជំងឺ hantavirus ដែលជាជំងឺឆ្លងពីសត្វកណ្តុរមកមនុស្ស ខណៈ​វីរុសនេះត្រូវបានគេរកឃើញដំបូងនៅភាគនិរតីនៃសហរដ្ឋអាមេរិកក្នុង ឆ្នាំ១៩៩៣។

នាយកដ្ឋាន​សុខភាព និងសេវាធនធានមនុស្ស បានផ្តល់ព័ត៌មានថា ស្ត្រីម្នាក់​ត្រូវបានតេស្តិ៍វិជ្ជមាន​វីរុស hantavirus ។ នាយកដ្ឋាន​សុខភាព និងសេវាធនធានមនុស្ស​ បាន​ឱ្យដឹងអំពី​មូលហេតុនៃ​ការ​ឆ្លង​វីរុសនេះ ដោយថាស្រ្តីដែល​មាន​តេស្ត​វិជ្ជមានhantavirusរូបនេះ ទំនងជាបានឆ្លង​មេរោគ នៅពេលដែលគាត់ធ្វើការសម្អាតផ្ទះដែលគេទុកចោល ដែល​នៅ​ទីនោះ មានសញ្ញានៃការវាយលុកចូលរបស់សត្វកណ្តុរយ៉ាងសកម្ម។ ស្ត្រីដែលនៅWashtenaw County ដែល​មានតេស្តិ៍វិជ្ជមានhantavirusរូបនេះ បាន​កើតជំងឺស្ទះសួតធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

របៀបដែលវីរុសនេះ​ឆ្លងទៅមនុស្ស​មានដូចជា កណ្តុរមានផ្ទុកវីរុសខាំទៅលើមនុស្ស។ ប៉ុន្តែការចម្លងវីរុសតាម​របៀប​នេះគឺកម្រណាស់។ ការឆ្លងក៏អាចកើតមានតាមរយៈការ​ស្រូបចូលនូវ​ខ្យល់​ដែលផ្ទុក​រំហួតឬតំណក់​កក្វក់នៃ​ទឹកនោម​កណ្តុររឺសំភារៈសំបុកកណ្តុរ។​ ពោលមនុស្សអាចនឹងឆ្លងវីរុសនេះបានប្រសិនបើពួកគេប៉ះអ្វីដែលកខ្វក់ដូចជា​ទឹកនោម ឬទឹកមាត់កណ្តុរ ហើយបន្ទាប់មកយកដៃទៅប៉ះច្រមុះឬមាត់របស់ពួកគេ។ ជាមួយគ្នានេះមនុស្សអាចឆ្លង​មេរោគេនេះ បើពួកគេបរិភោគចំណីអាហារដែលកខ្វក់ដោយមានទឹកនោម ឬទឹកមាត់ពីសត្វកណ្តុរដែលផ្ទុកវីរុស។ រហូតមកទាល់ពេលនេះ មិនមានភ័ស្តុតាងណាដែលបញ្ជាក់ថាវីរុសhantavirus អាចឆ្លងពីមនុស្សម្នាក់ទៅ​មនុស្ស​ម្នាក់​នៅឡើយទេ។ ឧទាហរណ៍អ្នកមិនអាចឆ្លងវីរុសទាំងនេះពីការប៉ះ ឬថើបអ្នកដែលមានជំងឺនេះ ឬពីបុគ្គលិកថែទាំ​សុខភាពដែលបានព្យាបាលអ្នកណាម្នាក់ដោយជំងឺនេះនោះទេ។

វេជ្ជបណ្ឌិត Joneigh Khaldun នៃនាយកដ្ឋាន​សុខភាព និងសេវាធនធានមនុស្ស បានមានប្រសាសន៍ថា ជំងឺដែល​បណ្តាលមកពីវីរុសHantavirusនេះ ជាជំងឺផ្លូវដង្ហើមដ៏កម្រ តែវាបង្កភាពធ្ងន់ធ្ងរ។ ​វាអាច​ចេញរោគសញ្ញា​ក្នុង​រយៈ​ពេល​​ពី​០១ ទៅ០៨សប្ដាហ៍ ក្រោយ​ការ​ប៉ះពាល់វីរុស។ ចំពោះរោគសញ្ញានៃជំងឺដែល​បង្កដោយវីរុសនេះមានដូចជា គ្រុនក្តៅ ញាក់ ឈឺខ្លួន ឈឺក្បាល ចង្អោរ ក្អួត រាគ និងឈឺពោះ​ ហើយជំងឺនេះអាចវិវត្តទៅជាមានក្អក និងបញ្ហា​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ ខណៈអត្រាស្លាប់គឺមានប្រមាណ ៤០%។ 

វិធានការបង្កាការ​ឆ្លងវីរុសនេះគឺយើងត្រូវ​ពាក់ស្រោមដៃ ​រាល់ពេល​សម្អាត ជាពិសេសការសម្អាត​​​បន្ទប់ ឬ​អាគារ​ដែល​គេ​មិនបានប្រើប្រាស់ ឬទុក​ចោល​ជាយូរមកហើយ។ បើសិនបើអ្នករស់ ឬធ្វើការក្នុងតំបន់ដែលអ្នកដឹងថាមាន​សត្វ​កណ្តុរកំពុងរស់នៅ ចូរព្យាយាមរក្សាអនាម័យ និងធ្វើការសម្អាត។

ដាក់អន្ទាក់នៅក្នុង និងជុំវិញផ្ទះរបស់អ្នក ដើម្បីកាត់បន្ថយការឆ្លងកាត់​ឬ​រស់នៅ​នៃ​សត្វ​កណ្តុរ។

ត្រូវប្រយ័ត្នមុននិងពេលសម្អាតតំបន់ដែលមានសត្វកណ្តុរ។

គួរ​ជម្រាបថា វីរុស hantavirus បណ្តាលឱ្យ​អ្នក​ឆ្លងថ្នាក់ធ្លាក់ខ្លួនឈឺ និងមានជំងឺស្ទះសួតរ៉ាំរ៉ៃ (HPS) នេះ ត្រូវ​បាន​រក​ឃើញ​ដំបូងបង្អស់នៅភាគនិរតីនៃសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៣៕

ប្រភព៖ nbcchicago

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...