ពិតណាស់ អំឡុងពេលពពោះ ស្រីៗយើងតែងប្រឈមនឹងការឈឺចាប់នៅផ្នែកផ្សេងៗនៃរាងកាយ ហើយការឈឺជង្គង់ក៏កើតឡើងជាទូទៅដែរ។
បញ្ហាឈឺជង្គង់អំឡុងពេលពពោះអាចបណ្ដាលមកពី៖
- ការប្រែប្រួលអ័រម៉ូន
- ឡើងទម្ងន់
- ហាត់ប្រាណច្រើនពេក
- ដួល និងរងរបួស
- ដើរ ឬឈរយូរ
- កង្វះជាតិកាល់ស្យូម
តើមានផលវិបាកណាមួយពាក់ព័ន្ធនឹងការឈឺជង្គង់អំឡុងពេលពពោះអត់?
ប្រសិនបើយើងមិនព្យាបាលអាការៈឈឺជង្គង់ឲ្យទាន់ពេលទេនោះ ផលវិបាកជាក់លាក់មួយចំនួន អាចនឹងកើតមានឡើងនៅពេលអនាគត ដែលរួមមាន៖
- ជំងឺរលាកសន្លាក់ឆ្អឹង
- ខូចឆ្អឹងខ្ចី និងសរសៃពួរជុំវិញសន្លាក់ជង្គង់ ដែលអាចនាំឲ្យពិបាកដើរ រត់ និងពត់ពែន។
ម៉ាក់អាចគ្រប់គ្រងការឈឺជង្គង់អំឡុងពេលពពោះដោយរបៀបណា?
ម៉ាក់អាចអនុវត្តវិធីសាស្ត្រមួយចំនួនខាងក្រោមនេះ ដើម្បីកាត់បន្ថយ ក៏ដូចជាគ្រប់គ្រងការឈឺជង្គង់អំឡុងពេលពពោះ៖
- ហាត់ប្រាណ ដោយការដើរ និងហែលទឹកក្នុងកម្រិតសមល្មម អាចជួយទ្រទ្រង់ជង្គង់ និងបញ្ចៀសការឈឺជង្គង់
- សម្រាកជើងឲ្យបានច្រើន នៅពេលដែលម៉ាក់ៗចាប់ផ្ដើមឡើងទម្ងន់
- ជ្រើសរើសស្បែកជើងដែលងាយស្រួលពាក់ មិនឈឺជើង និងអាចជួយទ្របាតជើងបានល្អ
- ព្យាយាមគ្រប់គ្រងទម្ងន់ខ្លួន
- ម៉ាស្សាជង្គង់
- ស្អំកំណាត់ក្ដៅ រួចស្អំកំណាត់ត្រជាក់ ដើម្បីកាត់បន្ថយការឈឺចាប់នៅជុំវិញសន្លាក់ជង្គង់
- ញ៉ាំរបបអាហារដែលមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា អាស៊ីដខ្លាញ់អូមេហ្គា៣ កាល់ស្យូម និងវីតាមីនD ដើម្បីកាត់បន្ថយការឈឺ និងចុករួយសន្លាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet