បបូរមាត់ ក៏ត្រូវការការថែទាំជាប្រចាំដូចទៅនឹងស្បែករបស់យើងដែរ ពីព្រោះស្បែកនៅលើបបូរមាត់ស្ដើង ហើយថែមទាំងមិនមានក្រពេញញើស ដែលធ្វើឲ្យងាយស្ងួត និងរបកថែមទៀតផង។ ជាក់ស្ដែង បបូរមាត់ខ្មៅ និងបាត់បង់ពណ៌ស៊ីជម្ពូបែបធម្មជាតិ ដោយសារមូលហេតុជាច្រើន ហើយពណ៌នៃបបូរមាត់អាចប្រែប្រួលអាស្រ័យលើទម្លាប់នៃការរស់នៅ និងកត្តាវេជ្ជសាស្ត្រមួយចំនួនផងដែរ។
កត្តាមួយចំនួនដូចជាការបំពុលបរិស្ថាន និងកង្វះជាតិទឹកអាចធ្វើឲ្យបបូរមាត់ស្ងួត ប្រេះ និងឡើងពណ៌ខ្មៅ។ ហេតុនេះហើយ ការញ៉ាំទឹកឲ្យបានច្រើន យ៉ាងហោចណាស់ចំនួនប្រាំបីកែវក្នុងមួយថ្ងៃមានសារសំខាន់ណាស់ ជាពិសេសនៅក្នុងរដូវរងា។
ការជក់បារីមិនត្រឹមតែបំផ្លាញសុខភាពរាងកាយ និងស្បែកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់បបូរមាត់របស់យើង ក៏ដូចជាសុខភាពផ្លូវដង្ហើម។ ដូចនេះ បើយើងគប្បីបញ្ឈប់ការជក់បារី ទើបជាការប្រសើរ។
ទន្ទឹងនឹងនេះដែរ ការញ៉ាំផ្លែឈើ និងបន្លែស្រស់ៗដែលមានជាតិទឹកច្រើនដូចជាឪឡឹក ប៉េងប៉ោះ និងត្រសក់ ជាដើម អាចជួយផ្ដល់សំណើមដល់បបូរមាត់ ព្រមទាំងជួយឲ្យពណ៌បបូរមាត់កាន់តែប្រសើរជាងមុន។
ត្រសក់ផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសមាសធាតុសម្បូរស៊ីលីកា ដែលអាចជួយកាត់បន្ថយសារធាតុពណ៌ និងស្នាមខ្មៅនៃបបូរមាត់។ ចូរកិនត្រសក់២ទៅ៣ចំណិត និងយកល្បាយមកលាបនៅលើបបូរមាត់ ដោយទុកចោលរយៈពេល១៥ទៅ២០នាទី និងលាងជម្រះចេញជាមួយនឹងទឹកធម្មតា។ គ្នាយើងអាចអនុវត្តតិចនិកនេះចំនួន១ទៅ២ដងក្នុងមួយថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet