វីត្បិតតែការចិញ្ចឹមកូនតែឯងមានការពិបាក ព្រមទាំងប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនក៏ពិតមែន ប៉ុន្តែយើងនៅតែចាំបាច់រក្សាទំនាក់ទំនងល្អជាមួយកូនជានិច្ច។ ជាទូទៅកុមារចាប់ផ្ដើមរៀនពីបរិយាកាសជុំវិញតាមទំនាក់ទំនងជាមួយនឹងប៉ា ឬម៉ាក់ ហើយការយកចិត្តទុកដាក់ និងក្ដីស្រលាញ់ពីប៉ា ឬម៉ាក់ គឺជាអ្វីដែលកូនចង់បាន។ ហើយអ្វីទាំងនេះក៏គ្រឹះនៃទំនាក់ទំនងនៅថ្ងៃអនាគតរវាងប៉ា ឬម៉ាក់ និងកូនផងដែរ។ ហេតុនេះហើយ ប៉ា ឬម៉ាក់អាចសាកល្បងតិចនិកមួយចំនួនខាងក្រោមនេះ។
យើងរាល់គ្នាតែងតែត្រូវការក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន ហើយកូនៗក៏មិនខុសគ្នាដែរ ពួកគេចង់បានភាពទន់ភ្លន់ ពាក្យពេចន៍ល្អៗ និងការឱបដ៏កក់ក្តៅពីប៉ាម៉ាក់។ ដូច្នេះហើយ ចូរព្យាយាមភ្ជាប់ទំនាក់ទំនងឲ្យបានច្រើន ដោយការមើលភ្នែក និងញញឹមដាក់កូន ដើម្បីឲ្យកូនទទួលអារម្មណ៍ល្អៗ និងការយកចិត្តទុកដាក់។
ជារឿយៗ កូនដែលត្រូវចិញ្ចឹមបីបាច់ដោយប៉ា ឬម៉ាក់តែឯង តែងជួបការពិបាកដូចគ្នា។ ដូច្នេះហើយ យើងចាំបាច់កសាងទំនាក់ទំនងរឹងមាំ ដោយការជជែកជាមួយកូន និងឲ្យកូនបង្ហាញពីអារម្មណ៍របស់ខ្លួន។ មិនតែប៉ុណ្ណោះ ប៉ា ឬម៉ាក់គួរតែឲ្យកូនដឹងថា យើងនៅចាំជួយដោះស្រាយបញ្ហារបស់កូន រាល់ពេលដែលពួកគេត្រូវការ។
ការលេងមានសារៈសំខាន់ណាស់ ចំពោះការអភិវឌ្ឍរបស់ក្មេង។ លើសពីនេះ ការលេងក៏ជាវិធីដ៏ល្អមួយ ដើម្បីរឹតចំណងទំនាក់ទំនងជាមួយនឹងកូនដែរ។ រីឯការញ៉ាំអាហារជាមួយកូន អាចជួយឲ្យការសន្ទនាកាន់តែមានភាពស្និទ្ធស្នាលទ្វេដង ក៏ដូចជាអាចជួយពង្រឹងទាំងសុខុមាលភាពទាំងផ្លូវចិត្ត និងផ្លូវកាយថែមមួយកម្រិតទៀត។
ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក អាចជួយឲ្យទំនាក់ទំនងរវាងប៉ាម៉ាក់ និងកូនកាន់តែល្អប្រសើរ។ ជាក់ស្ដែង ការអភិវឌ្ឍទំនុកចិត្តជួយឲ្យកូនមានអារម្មណ៍សុវត្ថិភាព និងអាចចែករំលែកគំនិតផ្ទាល់ខ្លួនរបស់គេមកកាន់យើងដោយមិនរួញរា។ ជាងនេះទៅទៀត កូនៗក៏មានទំនុកចិត្តចំពោះខ្លួនឯងកាន់តែច្រើន ព្រមទាំងរៀនស្វែងយល់ពីពិភពខាងក្រៅដោយភាពជឿជាក់ថែមទៀតផង។
ចំណុចដ៏សំខាន់មួយទៀត នៃការកសាងទំនាក់ទំនងជាវិជ្ជមានរវាងប៉ា ឬម៉ាក់ និងកូន គឺការចំណាយពេលនៅជាមួយកូនឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ទោះបីមិនមែនជារឿងងាយស្រួលក៏ពិតមែន ប៉ុន្តែយើងគួរតែព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកជួយឲ្យកូនក្លាយជាមនុស្សល្អទៅថ្ងៃអនាគត ទោះបីជាយើងចិញ្ចឹមបីបាច់កូនតែឯងក៏ពិតមែន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet