បញ្ហាសុខភាពធ្ងន់ធ្ងរដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបង្កផលប៉ះពាល់រយៈពេលយូរ ហើយមិនត្រឹមតែជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺប៉ុណ្ណោះទេ សូម្បីតែគ្រួសារ និងសាច់ញាតិក៏មានជាប់ពាក់ព័ន្ធដែរ។ តើបញ្ហាសុខភាពមួយនេះ អាចប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងម៉េចខ្លះ?
ពិតណាស់ កង្វះការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល អាចបណ្ដាលឲ្យអ្នកជំងឺពិការខួរក្បាលមួយចំហៀង។ យ៉ាងណាមិញ អាកប្បកិរិយាចម្លែកៗក្រោយជួបបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចកើតមានឡើង ដូចជាឆេវឆាវ និងឆាប់ខឹង ឬមានអាកប្បកិរិយាដូចកូនក្មេង។
គ្រោះថ្នាក់សរសៃឈាមខួរក្បាល បណ្ដាលមកពីការស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល ដែលកាត់ផ្ដាច់ការផ្គត់ផ្គង់អុកស៊ីសែនចាំបាច់សម្រាប់ខួរក្បាល ដោយមិនអាចបញ្ជូនសញ្ញាទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ កត្តានេះហើយដែលជាមូលហេតុនាំឲ្យមានការប្រែប្រួលអាកប្បកិរិយាក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
បញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតឡើងក្នុងពេលតែមួយពព្រិចភ្នែក ដែលធ្វើឲ្យអ្នកដែលធ្លាប់តែមានសុខភាពល្អ ក្លាយទៅជាអសមត្ថភាព និងត្រូវពឹងផ្អែកលើអ្នកដទៃទាំងស្រុង។ ការផ្លាស់ប្ដូរអវិជ្ជមានមួយនេះហើយ ធ្វើឲ្យអ្នកជំងឺប្រឈមនឹងបញ្ហាស្រ្តេស និងវិបត្តិផ្លូវចិត្ត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងថែទាំឲ្យបានដិតដល់ពីសមាជិកក្នុងគ្រួសារ។
ក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល អ្នកជំងឺអាចនឹងជួបបញ្ហាអាកប្បកិរិយា ដោយសារតែកត្តារួមជាច្រើន ដូចជាស្ត្រេស និងការបាក់ទឹកចិត្តជាដើម។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកជំងឺអសមត្ថភាពក្នុងការធ្វើអ្វីមួយដោយខ្លួនឯង នោះនឹងមានអារម្មណ៍តប់ប្រម៉ល់ ឆេវឆាវ ក៏ដូចជាឆាប់ខឹងច្រើន ដែលបញ្ហានេះចាំបាច់ត្រូវធ្វើការកំណត់ឲ្យបានច្បាស់ ព្រមទាំងស្វែងរកការព្យាបាលដោយប្រើថ្នាំ ឬការព្យាបាលខាងផ្លូវចិត្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet