កម្សាន្ត៖ សាច់ជ្រូក ក៏ជាអាហារដ៏ពេញនិយមមួយសម្រាប់មនុស្សជាច្រើន ដូច្នេះហើយ នេះគឺជាការច្នៃម្ហូបថ្មីមួយ ជាមួយនឹង ឆាឆ្អឹងជំនីរជ្រូកជូរអែម ក្នុងការទទួលជាអាហារប្រចាំថ្ងៃ នៅក្នុងគ្រួសារ។ ដូច្នេះហើយ អ្នកដែលចង់រៀនធ្វើ អាចសាកល្បងតាមវិធីខាងក្រោម៖
គ្រឿងផ្សំ៖ ឆ្អឹងជំនីរជ្រូក ២ផោន( ៩០០ក្រាម) ស្ករ ៥ ស្លាបព្រាបាយ ទឹកខ្មេះ ៣ ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ(Light Soy Sauce) ២ ស្លាបព្រាបាយ ស្រាសម្រាប់ធ្វើម្អូប ១ ស្លាបព្រាបាយ ផ្កាច័ន្ទ ទឹក ២ ពែង ខ្ញីនិងស្លឹកខ្ទឹម ដែលកាត់ល្អិតៗរួច
របៀបធ្វើ៖
១. ជាដំបូង យកសាច់ឆ្អឹងជំនីជ្រូក ទៅដាក់ស្ងោរ ប្រហែល ៦ ទៅ ៨ នាទី រួចហើយ ស្រង់ចេញទុកមួយឡែក
២. យកខ្ទះ ដាក់ប្រេងឆាចូលក្នុងកម្ដៅក្ដៅ រួចហើយ ដាក់ស្ករ ២ ស្លាបព្រាបាយចូលទៅ រួចកូរទាល់តែស្ករឡើងក្រហម ប្រហែលជា ៥ នាទី
៣. នៅពេលដែល ស្ករឡើងក្រហមហើយ យកសាច់ឆ្អឹងជំនីដែលស្ងោរហើយមុននេះ ដាក់ចូលទៅ រួចកូរឲ្យចូលជាតិ និងចម្អិន រយៈពេល ១០ នាទី
៤. បន្ទាប់មកទៀត ធ្វើការដាក់គ្រឿងផ្សំ ដែលមានដូចជា ស្រាសម្រាប់ធ្វើម្ហូប ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ ព្រមទាំងរោយអំបិលបន្តិច ដាក់ផ្កាច័ន្ទ និង ចាក់ទឹក ២ ពែងចូលទៅ រួចហើយគ្រប និងចម្អិនទុកចោល រយៈពេល ៣០ នាទី ក្នុងកម្ដៅទាប
៥. ក្នុងអំឡុងពេលកំពុងតែចម្អិនសាច់ រយៈពេល ៣០ នាទីនេះ យកចានមួយដើម្បីធ្វើការលាយគ្រឿង ដែលនៅសល់ដូចជា ស្ករ ៣ ស្លាបព្រាបាយ និង ទឹកខ្មេះ ៣ ស្លាបព្រាបាយ រួចហើយកូរវាឲ្យសព្វ
៦. បន្ទាប់ពីចម្អិនសាច់ក្នុងកម្ដៅទាបរួចហើយ យកទឹកខ្មេះ ដែលលាយជាមួយនឹងស្ករមុននេះ ដាក់ចូលក្នុងខ្ទះចម្អិនសាច់ រួចហើយកូរវាឲ្យចូលជាតិជាមួយនឹងសាច់ឲ្យសព្វល្អ និងចម្អិនរយៈពេល ១០ នាទីទៀត ក្នុងកម្ដៅខ្ពស់
៧. ជាចុងក្រោយ បន្ទាប់ពីចម្អិនសាច់ឆ្អឹងជំនីរជ្រូករួចហើយ គ្រាន់តែបន្ថែមដោយ ខ្ញី និង ស្លឹកខ្ទឹម រួចកូរឲ្យចូលគ្នាសព្វ ជាការស្រេច៕