កម្សាន្ត៖ បន្លែខាត់ណា ជាប្រភេទបន្លែពណ៌បៃតង ដែលបងប្អូនប្រជាជនខ្មែរជាច្រើននិយមទិញមកចម្អិនធ្វើម្ហូបដូចជាឆា ឬច្នៃជាមុខម្ហូបផ្សេងៗផងដែរ។ ហើយថ្ងៃនេះ លំហែ បានលើកយកពីម្ហូបមួយមុខដែលទាក់ទងនឹងដើមខាត់ណា មកចែកជូនប្រិយមិត្ត ដើម្បីរៀនធ្វើតាម។ ដោយម្ហូបមួយមុខនេះមានឈ្មោះ ជ្រក់ដើមខាត់ណា ហើយខាងក្រោមនេះជាគ្រឿងផ្សំ និងរបៀបធ្វើជ្រក់ដើមខាត់ណា៖
គ្រឿងផ្សំ
១៖ ដើមខាត់ណា
២៖ ទឹក
៣៖ ម្ទេស
៤៖ ខ្ទឹមស
៥៖ អំបិល
៦៖ ស្ករត្នោត
៧៖ ទឹកខ្មេះ
របៀបធ្វើ
មុននឹងធ្វើជ្រកដើមខាត់ណា ជាដំបូងយកអំបិល ទឹកខ្មេះ និងស្ករត្នោតដាក់ចូលក្នុងទឹក រួចកូរឲ្យរលាយចូលគ្នា បន្ទាប់ពីលាយគ្រឿងរលាយសព្វល្អ យើងត្រូវយកទឹកនោះទៅដាំវាឲ្យពុះ។ បន្ទាប់ពីដាក់ទឹកដាំរងចាំទឹកពុះ យើងអាចយកដើមខាត់ណាមកលាយជាមួយម្ទេស ខ្ទឹមសដែលយើងបានដំវារួចនោះ។ បន្តមកទៀត ក្រោយទឹកដែលដាំពុះហើយ យើងយកទឹកនោះចាក់លើដើមខាត់ណាតែម្ដង។ បន្ទាប់ពីចាក់ទឹកក្ដៅចូលរួច យើងត្រូវទុកវាឲ្យត្រជាក់ ចាំចាក់វាចូលកែវ ឬក្រឡ ហើយទុកវាចំនួន២ទៅ៣ថ្ងៃ អាចយកមកហូបបានតែម្ដង។
គួរបញ្ជាក់ផងដែរថា ក្រោយទុកជ្រក់ដើមខាត់ណាបាន២ទៅ៣ថ្ងៃអាចយកមកហូបបាននោះ មុននឹងហូបអាចភ្លក់មើលសិន បើខ្វះរសជាតិអ្វី អាចបន្ថែមបន្ថយតាមចំណង់ចំណូលចិត្តបាន៕