អាហារ៖ គីមឈី គឺជាជ្រក់ម្យ៉ាងដែលធ្វើពីស្ពៃបូកគោ ដូចដែលយើងដឹងស្រាប់ហើយថា គីមឈី ជាមុខម្ហូបដែលល្បីល្បាញជុំវិញពិភពលោក វាអាចញុំាបានជាមួយអាហារច្រើនប្រភេទ ភាគច្រើនត្រូវជាមួយនឹងអាហារបែបកូរ៉េ។ មិនត្រឹមតែប៉ុណ្ណោះ គីមឈី អាចយកមកធ្វើអាហារមួយមុខដ៏ឈ្ងុយឆ្ងាញ់គឺ Pancake ដែលធ្វើពីគីមឈីនេះឯង។ វាមានគ្រឿងផ្សំនិងវិធីចម្អិនដូចខាងក្រោម៖
គ្រឿងផ្សំ៖
១. គីមឈី (ដាក់តាមចំណូលចិត្ត)
២. ម្សៅស្រូវសាឡី all purpose flour ២កូនចានចង្កឹះ
៣. ម្ទះស្អិត chilly paste ១ស្លាបព្រាបាយ
៤. ពងមាន់ ១គ្រាប់
៥. ខ្ទឹមខ្យល់ ខ្ទឹមបារាំង (ហាន់ជាចំណិតៗ)
របៀបចម្អិន៖
១. យកជ្រក់គីមឈីមក ស្រង់យកតែសាច់ស្ពៃមកហាន់ជាកង់ៗតូចៗល្មម ដាក់ក្នុងចានមួយសម្រាប់លាយម្សៅ។
២. បន្ទាប់មកយកម្សៅស្រូវសាឡីចាក់ចូល គោះពងមាន់ចូល ដាក់អំបិលកន្លះស្លាប់ព្រាកាហ្វេ ដាក់ទឹកគីមឈីចូលប្រហែលកន្លះចានចង្កឹះ ហើយលាយជាមួយម្សៅ ថែមទឹកបើសិនលាយម្សៅខាប់ពេក រួចហើយសឹមដាក់ខ្ទឹមខ្យល់និងខ្ទឹមបារាំងចូល ហើយលាយឲ្យសព្វ។
៣. ដាក់ខ្ទះហើយចាក់ខ្លាញ់ចូលទុកឲ្យក្ដៅ ហើយដួសល្បាយដែលលាយហើយចាក់ចូលខ្ទះបរិមាណល្មម (ដូចចៀនស៊ុតដែរ) ទុកវាឲ្យឆ្អិន ហើយដាក់ចានរួចរាល់ ចៀនបែបនេះរហូតដល់អស់។ យើងអាចញុំាវាជ្រលក់ជាមួយទឹកស៊ីអីវ ដាក់ល្ងរ នោះលោកអ្នកនឹងទទួលបាន គីមឈី Pancake មួយមុខដែលមានរសជាតិឆ្ងាញ់៕