កម្សាន្ត៖ នៅរដូវនេះជារដូវដែលដើមឈើហូបផ្លែចេញផ្លែផ្កាភាគច្រើននៅតាមផ្ទះនីមួយៗតែងតែមានដើមស្វាយមួយដើមឬច្រើន ស្វាយជាផ្លែឈើដែលគេចូលចិត្តបរិភោគតាំងពីផ្លែនៅខ្ចីរហូតដល់ផ្លែទុំ។ស្វាយខ្ចី យើងអាចយកជ្រលក់អំបិលម្ទិះញុំាលេងក៏បាន ឬក៏យើងអាចយកវាទៅធ្វើជាស្វាយត្រាំក៏បានបើសិនជាចង់ឲ្យស្វាយត្រាំរបស់លោកអ្នកស្រួយល្អ សូមអនុវត្តតាមរូបមន្តខាងក្រោម៖
គ្រឿងផ្សំ៖
១. ស្វាយ ២គីឡូក្រាម
២. ស្ករស ១គីឡូក្រាម
៣. អំបិល ១០០ក្រាម
របៀបធ្វើ៖
១. ដំបូងដាំទឹកស្ករដោយដាក់ទឹកចំនួន១លីត្រហើយចាក់ស្ករស និងអំបិលចូលកូរវាឲ្យរលាយចូលគ្នា រួចបើកភ្លើងទុករហូតដល់ពុះ បិទភ្លើងហើយទុកទឹកស្ករឲ្យរាងត្រជាក់បន្តិចសិន។
២. យកស្វាយចិតសំបកឲ្យស្អាត ហើយលាងទឹកឲ្យអស់ជាតិជ័របន្ទាប់មកពុះស្វាយជាពីរចំណែកយកគ្រាប់ចេញ ហើយហាន់ជាកង់ៗតាមចំណូលចិត្តយកស្វាយទាំងនេះទៅលាងម្ដងទៀតហើយស្រង់ទុកឲ្យស្រស់ទឹកសិន។
៣. ពេលទឹកស្ករត្រជាក់ល្មមហើយ ចាក់ទឹកស្ករចូលក្នុងប្រអប់ឬធុងមួយសម្រាប់ដាក់ស្វាយត្រាំបន្ទាប់មកយកស្វាយដែលស្រស់ទឹកនោះមកចាក់ក្នុងទឹកស្ករនេះ រួចបិតគម្របឲ្យជិតទុកមួយយប់បើសិនជាមានទូរទឹកកកអាចដាក់ក្នុងទូរទឹកកកមួយយប់ ហើយអាចញុំាបាន៕