កម្សាន្ត៖ បច្ចុប្បន្នមានប្រជាជនជាច្រើនបានបើកហាងតូចធំផ្ទាល់ខ្លួនដើម្បីប្រកបរបរលក់គ្រឿងភេសជ្ជៈនានា ដើម្បីបង្កើននូវជីវភាពប្រចាំថ្ងៃ មិនតែប៉ុណ្ណោះគេក៏ឃើញមានអតិថិជនជាច្រើននិយមទិញភេសជ្ជៈមកទទួលទានជាប្រចាំផងដែរ។ ក្នុងនោះដែរ ទឹកអំពិលទុំក៏មានបងប្អូនខ្មែរជាច្រើន និយមផឹកភេជ្ជៈមួយនេះ ម្យ៉ាងរសជាតិរបស់វាជូរ ផ្អែមឆ្ងាញ់តែម្ដង។
គ្រឿងផ្សំ៖
១. អំពិលទុំ ១ទៅ២ពែង
២. សណ្ដែកដីតាមចំណង់ចំណូលចិត្ត
៣. ស្ករស ១ទៅ២ពែង
៤. ល្ងរមួយស្លាបព្រាបាយ
៥. អំបិលមួយស្លាបព្រាកាហ្វេ
៦. ទឹក ៦០០មីលីត្រ
របៀបធ្វើ៖
ជាដំបូងយកអំពិលទុំទៅលាងជាមួយទឹកឲ្យស្អាតបន្ទាប់ពីលាងរួចយកអំពិលមកច្របាច់យកគ្រាប់ចេញ (បើយកអំពិលមិនមានគ្រាប់រឹតតែល្អ និងងាយស្រួល)។ក្រោយច្របាច់យកគ្រាប់អំពិលចេញរួច យើងត្រូវយកតែសាច់នៃអំពិលដើម្បីយកទៅធ្វើភេសជ្ជៈ។ បន្ទាប់មកទៀត យកសាច់អំពិលដែលបានច្របាច់រួចនោះទៅដាំ ហើយដាក់អំបិលបន្តិចរួចចាក់ស្ករសចូល និងរងាស់វារហូតដល់រីងទឹកបន្តិច។ ក្រោយរងាស់ទឹកទំពិលទុកឲ្យរីងទឹកហើយត្រូវដាក់ល្ងរចូលហើយកូរវាឲ្យសព្វល្អ។
ដើម្បីបានភេសជ្ជៈទឹកអំពិលទុំមួយកែវ ជាដំបូងចាក់ទឹកក្ដៅក្នុងកែវ រួចយកទឹកទំពិលដែលយើងបានរងាស់រួចចំនួន ១ទៅ២ស្លាបព្រាបាយ ហើយកូរវាឲ្យសព្វល្អសឹមចាក់ទឹកកកចូល បន្ទាប់មកបន្ថែមសណ្ដែកដីតាមចំណង់ចំណូលចិត្តជាការស្រេច៕