កម្សាន្ត៖ ក្រោយពីការចាក់បញ្ចាំង រឿង Snowdrop ភាគដំបូងរួចមក មហាជនកូរ៉េធ្វើការរិះគន់យ៉ាងខ្លាំងទៅលើសាច់រឿង ដោយចោទថា បំភ្លីប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េ។ មិនតែប៉ុណ្ណោះ Jisoo ដែលសម្ដែងជា តួឯកស្រី ក៏ត្រូវបាន សាធារណៈជន រិះគន់ មិនស្ទើដែរ។
អ្វីដែលហួសស្មាននោះគឺ ទស្សនិកជនថែមទាំងរាលដាលដល់ សមាជិកក្រុម Blackpink ទាំង៣នាក់ទៀត ដែលពួកគេជាអ្នកគាំទ្រឲ្យ Jisoo សម្ដែងរឿងនេះផងដែរ។ ដោយឡែក អ្នកទាំង៣ Jennie, Lisa និង Rosé មិនបានចូលរួមចំណែកក្នុង ខ្សែភាពយន្ដភាគ នេះទេ ប៉ុន្ដែត្រូវគេបញ្ចេញការមិនពេញចិត្តទាក់ទងជាមួយគ្នាផងដែរ។
ទន្ទឹមនឹងនោះ ដោយសារតែរឿងភាគនេះ កំពុងតែត្រូវគេចោទប្រកាន់ថាបំភ្លីប្រវត្តិសាស្ត្រកូរ៉េ បែរជាសមាជិកទាំង៣នាក់នេះ នៅតែធ្វើមិនដឹងមិនឮ ហើយថែមទាំងបង្ហាញការគាំទ្រដោយបន្ដមើលរឿងភាគនេះ តាមរយៈការបង្ហោះរូប និង ដាក់ក្នុង Story ក្នុងគណនី Instagram ដែលធ្វើឲ្យទស្សនិកជនកូរ៉េកាន់តែខឹងសម្បារថែមមួយកម្រិតទៀត។
គួរបញ្ជាក់ផងដែរថា ការដែលសមាជិក Blackpink គាំទ្រ Jisoo គឺជារឿងដ៏គួរឲ្យសរសើរមួយ ប៉ុន្ដែដោយសារពួកគេគឺជា តារាល្បីលំដាប់ពិភពលោក ដូចនេះ ទង្វើរបស់ពួកគេអាច ជះឥទ្ធិពល យ៉ាងខ្លាំងដល់ប្រជាជនកូរ៉េ បើធ្វែលប្រហែសតែបន្ដិច វាអាចនឹងបង្កការយល់ច្រឡំយ៉ាងខ្លាំង៕
ប្រភព៖ Kdrama.com