រាជធានីភ្នំពេញ៖ជឿជាក់ថា មហាជន ក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបរួចមកហើយ ការចែកឋាននិង ការរៀបចំជូនដំណើរចុងក្រោយគ្រប់ជ្រុងជ្រោយតាមប្រពៃណីរបស់ឪពុករបស់តារាចម្រៀងរបស់ផលិតកម្មថោនលោក ករុណា ពេជ្រ ប៉ុន្មានថ្ងៃផង ពេលនេះតារាចម្រៀងរូបនេះ ត្រូបង្ខំចិត្តប្រកូកប្រកាសសម្រុកលក់ដីជាច្រើនកន្លែងដើម្បីយកលុយទៅមើលជំងឺអ្នកម្តាយ នៅស្រុកបារាំងថែមទៀត។
ជាមួយគ្នានេះ កាលពីពេលកន្លងទៅ លោក ករុណា ពេជ្រ ក៏ធ្លាប់បានប្រាប់សារព័ត៍មាន តារាញូស៍ ផងដែរថា ក្រោយពីឪពុកលោកចែកឋានទៅរឿងបន្ទាប់គឺលោកនឹងត្រូវទៅប្រទេសបារាំង ដើម្បីដើរលំហែផង និងមើលថែម្ដាយផង។ក្នុងនោះ ចាប់តាំងពីឪពុកលោក ធ្លាក់ខ្លួនឈឺមក លោកពុំដែលបានចេញដើរទៅណាឡើយព្រោះត្រូវនៅមើលថែគាត់ជាប្រចាំជានិច្ច។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងលោក ករុណា ពេជ្របានប្រកាសលក់ដីជាបន្តបន្ទាប់ ដើម្បីទៅស្រុកបារាំង មើលថែទាំអ្នកម្តាយ។ ប៉ុន្តែជាការពិតការលក់ដីម្ដងនេះ ករុណា ពេជ្រ បានបញ្ជាក់ថាគឺត្រូវការលុយជាបន្ទាន់ដើម្បីឡើងទៅប្រទេសបារាំងនៅកំឡុងខែធ្នូ ខាងមុខនេះដ្បិតលោកត្រូវទៅមើលថែម្ដាយដែលកំពុងមានជំងឺ។
ថ្លែងប្រាប់តារញូស៍ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះតារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហើបឱ្យដឹងថា លោកលក់ដីពេលនេះ ដើម្បីបានលុយខ្លះយកទៅមើលថែម្ដាយឈឺនៅបារាំងខណៈការហោះហើរអាចនឹងឆាប់ៗខាងមុខនេះ ដ្បិតលោកត្រូវធ្វើតេស្ដទិដ្ឋាការនៅថ្ងៃទី០២ខែធ្នូ នេះហើយ។ ប្រសិនជាជាប់ លោកនឹងអាចចេញទៅនៅកំឡុងខែធ្នូខាងមុខនេះតែម្ដង។
គួររំលឹកថា តាមដឹង តារាចម្រៀងរូបនេះ បានចាយថវិកា ខ្ទង់១០ម៉ឺនដុល្លារក្នុងការរៀបចំពិធីបុណ្យសពជូនឪពុករបស់លោក ជាលើកចុងក្រោយ ហើយនាពេលនេះ ករុណា ពេជ្រក៏កំពុងប្រកូកប្រកាសលក់ដីចំនួនពីរកន្លែងបន្ថែមទៀត ដើម្បីយកលុយទៅដើរលំហែនិងទៅមើលថែម្ដាយដែលកំពុងឈឺនៅប្រទេសបារាំងផង៕