កម្សាន្ត៖ អ្នកលេងបណ្ដាញសង្គមកំពុងតែអស់សំណើចទៅលើរូបភាពមួយសន្លឹក ដែលហ្វេនៗរបស់ Jennie បានយករូបថតនាងដាក់ផ្ទឹមជាមួយម្ដាយនាង ហើយបង្ហោះទៅក្នុងអ៊ីនធើណែត។ អ្វីដែលគួរទាក់ទាញចំណាប់អារម្មណ៍មហាជនគឺ Jennie និងម្ដាយមានអាកប្បកិរិយាស្រដៀងគ្នា ពិតជាសាកសមជាម្ដាយកូនណាស់។
ថ្មីៗនេះ អ្នកស្រី Kim ត្រូវបានមហាជនដែលលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង ដោយឃើញរូបមួយសន្លឹកនៅក្នុងអ៊ីនធើណែត។ នៅក្នុងនោះគេឃើញរូបដែល អ្នកស្រី Kim ពាក់វ៉ែនតាខ្មៅ ឈរអោបដៃ ដែលដូចបេះបិទទៅនឹងរូប Jennie ទាំងទឹកមុខនិងសម្លៀកបំពាក់ពណ៌ខ្មៅដូចគ្នា។
មិនត្រឹមតែប៉ុណ្ណោះទេ ហ្វេនៗរបស់ Jennie បាននិយាយថា នាងនិងម្ដាយពិតជាសមជាម្ដាយនិងកូនមែន ពីព្រោះមិនត្រឹមតែមានសម្រស់ស្រស់ស្អាតដូចគ្នានោះទេ Jennie ចូលចិត្តបញ្ចេញអាកប្បកិរិយាដូចម្ដាយរបស់នាងផងដែរ។ ជាពិសេស ពួកគេទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់ ឲ្យតែ Jennie មានពេលទំនេរនាងតែងតែធ្វើដំណើរកម្សាន្តជាមួយម្ដាយជានិច្ច៕