រាជធានីភ្នំពេញ៖ នាពេលថ្មីៗនេះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានឧបត្ថម្ភថវិកា "មូលនិធិសិល្បករចាស់ជរា" ជូនតារាសម្តែង សេង សូណាដែលបានឆ្លងជំងឺកូវីដ-១៩ និងមានជំងឺប្រចាំកាយជាច្រើនមុខដែលកំពុងសម្រាកព្យាបាលនៅវិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង ។
បើតាមការបញ្ជាក់ពីសមាគមន៍ដដែលនេះ បានឱ្យដឹងថាសមាគមន៍បានជួយឧបត្ថម្ភដល់អតីតតារាស៊ិចស៊ី សេង សូណា តាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកម្លេះ។
គួររំលឹកថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ជានិច្ចកាល ជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំក្នុងរយ:ពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។
សូមរំលឹកដែរថា នាពេលនេះ នាងកំពុងសម្រាកព្យាបាលជំងឺកូវីដនៅវិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង អស់រយៈពេល២០ថ្ងៃជាងមកហើយនៅមិនទាន់បានចេញមកព្យាបាលនៅខាងក្រៅឡើយ ។ នាងថាការឆ្លងជំងឺកូវីដនេះ នាងអត់ដឹងថា ពីអ្នកណា និងរបៀបណានោះទេ ពេលនាងមកនៅបាត់ដំបងធ្វើការជាភ្នាក់ងារលក់ដីឡូត៍បាន២ថ្ងៃ ក៏ឆ្លងកូវីដខណៈនាងមានជំងឺផ្សេងៗមុននេះដែរ ។ តារាដែលកំពុងជួបទុក្ខគួរឱ្យឱ្យអាណិតរូបនេះ បានបង្ហើបឱ្យដឹងថា រូបនាងធ្លាក់ខ្លួនដល់ថ្នាក់នេះ ដោយសារតែគេបិទផ្លូវសិល្បៈព្រោះត្រូវខាងក្រសួងវប្បធម៌ ចេញបម្រាម ខកខានថត និងការងារសិល្បៈផ្សេងៗទៀត។នេះបើតាមការរៀបរាប់របស់នាងជាមួយសារព័ត៍មានកោះសន្តិភាព។
ក្នុងនោះ តាមប្រភពដដែលបានបន្តថា ដោយសារភាពសិចស៊ីជ្រុលនិងមានការព្រមានឱ្យកែខ្លួន សេង សូណា លែងមានគេហៅទៅថតទៀតតែម្តង។ សូម្បីស្ព៉តថតខារ៉ាអូខេ ឬរឿងផ្សេងៗ គឺស្ងាត់ឈឹងរយៈពេល ២ឆ្នាំ គ្មានចំណូលអ្វីក្រៅពីចំណាយ។តារាស្រីរូបនេះ បានសារភាពថា នាងមិនមានផ្ទះសម្បែងក្នុងក្រុងភ្នំពេញទេពោលជួលផ្ទះគេស្នាក់នៅរហូតមក។ នាងច្រានចោលការលង់ខ្លួនចាញ់បោកប្រុសឈ្មោល ឬលេងល្បែងស៊ីសងនោះឡើយ។
តែនាពេលនេះ នាងពុំមានអ្វីនឹងខ្លួនឡើយ ថែមទាំងមានជំងឺច្រើនមុខកំពុងរួមរឹតរាងកាយ សេង សូណា បានពោលទាំងក្តុកក្តួល អួលដើមកសុំការអាណិតពីបងប្អូនថា ចង់បានផ្ទះប្រក់សង្ក័សី តូចមួយ៣ឬ៤ម៉ែត្របួនជ្រុង នៅជ្រកកុំដើរជួលគេ។ សូម្បីតែម្ចាស់ផ្ទះជួលក៏បណ្តេញចេញនាងចេញបើមានគេអាណិតពិតជាអរគុណ និងដឹងគុណ៕