កូរ៉េខាងត្បូង៖ បើនិយាយពីបទល្បី ៗ ក្នុងអំឡុងពេលនេះ ជឿថាបទ «Pink Venom» របស់ BLACKPINK ច្បាស់ជាដណ្ដើមយកចិត្តមនុស្សជាច្រើន។ ព្រោះថាបន្ទាប់ពីចេញបទចម្រៀងបានជិតមួយខែមក ចំនួនអ្នកចូលមើលបានកើនដល់ជាង ៣០០ លានដង ហើយបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ YouTube Music ក្នុងប្រទេសកម្ពុជាផងដែរ។
ជាការពិតណាស់ សមាជិករបស់ BLACKPINK ត្រូវបានគេចាត់ទុកថាមានឥទ្ធិពលលើម៉ូដ ការតុបតែងខ្លួន ការស្លៀកពាក់ ដោយរឿងមួយដែលមហាជនចាប់អារម្មណ៍នោះគឺ ផ្លែប៉ោមខ្មៅ ដែល សមាជិក Lisa ថតក្នុង MV នេះ ដំបូងឡើយ មនុស្សជាច្រើនយល់ថា វាជាផ្លែប៉ោមពណ៌បៃតង ឬក្រហម ហើយគេយកមកច្នៃជាពណ៌ខ្មៅ។
ប៉ុន្តែនៅពេលមនុស្សចូលទៅស្វែងរកព័ត៌មានបន្ថែម ពួកគេបានរកឃើញថា Black apples មានពិត ដែលជាផ្លែប៉ោមប្រភេទនេះត្រូវបានគេហៅថា «Black Diamond» ឬគេស្គាល់ក្នុងស្រុកថា «Scorpion Apple» វាអាចត្រូវបានដាំដុះតែនៅតំបន់ខ្ពង់រាបដែលមានកម្ពស់ ៣៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៃតំបន់ស្វយ័តទីបេ នៃទីក្រុង Nyingchi ប្រទេសចិន។
លក្ខណៈពិសេសប្លែកនៃផ្លែប៉ោមមានសំបកពណ៌ខ្មៅ គឺផ្អែមដូចទឹកឃ្មុំ ដោយសារតែជាតិគ្លុយកូសរបស់ពួកវាខ្ពស់ជាងពូជផ្លែប៉ោមដទៃទៀត ផ្លែប៉ោមខ្មៅជាមធ្យមមានផ្លែត្រឹមតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ហើយរយៈពេលវែងបំផុតគឺ ៥ ឆ្នាំ ដែលនាំឱ្យការផលិតផ្លែប៉ោមខ្មៅមានកម្រិត។ ហើយមានតែ ៣០ភាគរយ ប៉ុណ្ណោះ ដែលវាមានផ្លែអាចញុំបាន ហេតុដូច្នេះ វាមិនសង្ស័យទេថា តម្លៃផ្លែប៉ោមខ្មៅមានតម្លៃថ្លៃគួរឲ្យកត់សម្គាល់ ទៅតាមរដូវកាល វាមាន ឬក៏អត់៕
ប្រភព៖ thailand.postsen
សូមទស្សនារូបភាពខាងក្រោម៖