ចិន៖ លោក Jackie Chan ដែលត្រូវបាន គេស្កាល់ជា ឈិន ឡុង បានចូលរួមក្នុងកម្មវិធីទូរទស្សន៍នៅចិនដីគោក លោក បានចែករំលែក អំពីស្ថានភាពបច្ចុប្បន្នរបស់តារាវ័យក្មេងជាច្រើននាពេលបច្ចុប្បន្ននេះ ដោយលោក បានលើកឡើងថា អាកប្បកិរិយារបស់សិល្បករក្មេង ៗ ជាច្រើនមិនល្អ មិនសមយកជាគម្រូរបស់មហាជនឡើយ។
ក្នុងនោះផងដែរ លោក Jackie Chan តូចចិត្តពេលតារាសម្ដែងវ័យក្មេង «មិនចង់បែកញើស មិនអាចធ្វើរឿងគ្រោះថ្នាក់ និងមិនចង់ប្រថុយជិវិត»។ លោកក៏បានស្នើឲ្យតារាក្មេង ៗ ទាំងនោះ គោរពបុគ្គលិកនៅពីក្រោយឆាក ដូចជា អ្នករៀបសម្លេង អ្នករៀបចំភ្លើង និងក្រុមកាន់កាមេរ៉ាជាដើម។ យ៉ាងណាមិញ ឈិន ឡុង មិនបានបញ្ចេញឈ្មោះតារាប្រុស ឬស្រីណាម្នាក់ឡើយ។
ទោះជាយ៉ាងណា ក្រោយការចាក់ផ្សាយ វីដេអូសម្ភាសន៍តារាសម្តែងជើងចាស់រូបនេះ បានទាក់ទាញប្រតិកម្មចម្រុះពីទស្សនិកជន។ អ្នកខ្លះយល់ស្របជាមួយតារាជើងចាស់ ខណៈខ្លះទៀតរិះគន់លោកថា ខ្លួនមិនល្អឥតខ្ចោះផង ដូច្នេះ កុំវាយតម្លៃអ្នកដទៃ។
ទន្ទឹមនឹងនោះ ទស្សនិកជនមួយផ្នែកបានវាយប្រហារ ឈិន ឡុង ថាលោកគ្មានសិទ្ធិវិនិច្ឆ័យតារាក្មេង ៗ នោះទេ ព្រោះជីវិតឯកជនរបស់លោកក៏មិនស្អាតស្អំណាស់ណាដែរ ដូចជាបោះបង់កូនស្រី ជាមួយស្រីកំណាន់ ចំណែកកូនប្រុសញៀនថ្នាំ។ យ៉ាងណាមិញ មុនពេលការវាយប្រហារទាំងអស់ តារារូបនេះ គ្រាន់តែនៅស្ងៀម មិនទាន់ចេញប្រតិ្តកម្មអ្វីទាំងអស់។។
លោក Jackie Chan ជាតារាសម្ដែងភាពយន្តដ៏ល្បីមួយរូបមកពីទីក្រុងហុងកុង។ ក្រៅពីការសម្តែង លោកក៏ជាអ្នកដឹកនាំរឿង ផលិតករ និងជាអ្នកដឹកនាំរឿងក្បាច់គុនជាង២០០រឿង ។ មិនត្រឹមតែមានភាពល្បីល្បាញក្នុងវិស័យភាពយន្តពិភពលោកប៉ុណ្ណោះទេ លោកត្រូវបានគេស្គាល់ថាជាតារាចម្រៀង និងអ្នកជំនួញដ៏ជោគជ័យ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖