ភ្នំពេញ៖ បើនិយាយដល់ កំពូលតារាចម្រៀងស្រីអ្នកនាង មាស សុខសោភា នាងឈានជើងចូលសិល្បៈជាង២០ឆ្នាំមកហើយ។ម្យ៉ាងវិញទៀត ប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ រឹតតែទទួលបានភាពល្បីល្បាញ ហើយមានមហាជនគាំទ្រគ្រប់ទិសទីតែម្ដង។
លើសពីនេះទៅទៀត បច្ចុប្បន្នគេឃើញតារារូបនេះ កាន់តែមមាញឹកជាមួយនឹងការងារច្រៀង សឹងគ្មានពេលទំនេរឡើយ។ ក្នុងនោះដែរ ប្រិយមិត្តដែលនិយមតាមដាន អ្នកនាង មាស សុខសោភា ច្បាស់ជាបានដឹងថា នាងជាសិល្បការិនីមួយរូប ដែលបានផ្លាស់ប្ដូរផលិតកម្មច្រើនរហូតដល់៧ឯណោះ។ ហើយផលិតកម្មដែលនាងធ្លាប់ចុះកុងត្រាជាមួយនោះមានដូចជា៖
១៖ ផលិតកម្ម រស្មីស្ទឹងសង្កែ
អាចនិយាយបានថា នាងឈានជើងចូលសិល្បៈ និងបានឈានជើងចូលផលិតកម្ម រស្មីស្ទឹងសង្កែ កាលពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥។
២៖ ផលិតកម្ម ចេនឡា ប្រាដឺ
ក្រោយនៅផលិតកម្មចាស់បានមួយឆ្នាំ តារារូបនេះបានឈានជើងចូលផលិតកម្មថ្មីមានឈ្មោះ ផលិតកម្ម ចេនឡា ប្រាដឺ កាលអំឡុងឆ្នាំ ២០០៥ ដល់២០០៨។ ប៉ុន្តែផលិតកម្មCBនេះប្រកាសបិទទ្វារ នាងក៏ទៅចូលផលិតកម្ម U2មួយរយៈ។
៣៖ ផលិតកម្ម M
កាលឆ្នាំ ២០០៨ដល់២០០៩ ជាឆ្នាំដែលនាងកំពុងផ្ទុះបទ«ដោះសារ» ខណៈបានមកជ្រកក្រោមផលិតកម្មM។
៤៖ ផលិតកម្ម សាន់ដេ
ពិតណាស់ កាលឆ្នាំ២០០៩ កំពូលតារាចម្រៀងរូបនេះចូលខ្លួនជាតារាចម្រៀងក្នុងផលិតកម្ម សាន់ដេ បានតែមួយឆ្នាំ តារារូបនេះក៏បន្តទៅផលិតកម្មផ្សេងផងដែរ។
៥៖ ផលិតកម្មTown
អាចនិយាយបានថា ផលិតកម្មTown ជាផលិតកម្មដែលកំពូលតារាចម្រៀងស្រីរូបនេះចុះកុងត្រា នៅបានយូរជាងគេចាប់តាំងពីឆ្នាំ២០១០រហូតដល់២០២១។
៦៖ ផលិតកម្ម Camtrax Music
ពិតណាស់ គេដឹងថាផលិតកម្ម Camtrax Music ជាផលិតកម្មផ្ទាល់ខ្លួនរបស់នាង និងស្វាមី ដែលបានបើកតាំងពីឆ្នាំ ២០១៥ដល់បច្ចុប្បន្ននេះ។
៧៖ ផលិតកម្ម រាម
ថ្មីៗនេះ គេដឹងថាអ្នកនាង មាស សុខសោភា បានចុះកុងត្រាជាមួយផលិតកម្មរាម កាលពីឆ្នាំ២០២១។ ហើយមកទល់នឹងពេលនេះ តារារូបនេះនៅនេះបន្តនៅក្រោម ផលិតកម្មថ្មីនេះផងដែរ៕
ប្រភព៖ Popular Star