ចិន៖ កាលពីថ្មីៗនេះកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយក៏ដូចជា អ្នកគាំទ្រជាច្រើន បានចោទសួរអំពីទំនាក់ទំនងរវាង តារាស្រី Angelababy និង ស្វាមី លោក Huang Xiaoming នៅពេលដែលតារាប្រុស្រីមួយគូនេះ ហាក់មិនមានទំនាក់ទំនងនឹងគ្នានៅលើបណ្តាញសង្គមទាល់តែសោះ។
ប៉ុន្តែដោយឡែក លោក Huang Xiaoming ស្រាប់តែបានធ្វើឲ្យ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលផ្សាយកម្មវិធី Chinese Restaurant តារាប្រុសរូបនេះ ក៏បានចែករំលែកភ្លាមៗ ពីបំណងប្រាថ្នាពិសេសទាក់ទងនឹងភរិយាដ៏ស្រស់ស្អាតរបស់ខ្លួន ថែមទៀតផង។
នៅក្នុងនោះដែរ នៅពេលដែលអត្តពលិកអូឡាំពិកម្នាក់ បានបង្ហាញពីរូបថតកូនស្រីរបស់ខ្លួន ទៅកាន់ លោក Huang Xiaoming ស្រាប់តែ តារាសម្តែងរូបនេះ បានបង្ហាញពីភាពរីករាយនិងភ្ញាក់ផ្អើល ដោយរូបលោកបានប្រាប់ថា៖ ខ្ញុំក៏ចង់មានកូនស្រីដែរ។ ឥឡូវនេះ ខ្ញុំមានកូនប្រុសម្នាក់ហើយ បើខ្ញុំមានកូនស្រីម្នាក់ទៀត គឺគ្រប់គ្រាន់ល្មម។
ជាពិសេស អត្តពលិករូបនេះ ក៏បានលើកទឹកចិត្តចំពោះ តារាសម្តែងរូបនេះ ខណៈដែល Huang Xiaoming បានបន្តទៀតថា លោកមិនដឹងថា ខ្លួនអាចនឹងមានសំណាងបែបនោះដែរទេ។ យ៉ាងណាមិញ ដោយសារតែបំណងប្រាថ្នាមួយនេះរបស់ តារាប្រុសរូបនេះ បានធ្វើឲ្យហេ្វនៗជាច្រើន មានការរំភើបយ៉ាងខ្លាំង ក៏ដូចជាបានបង្ហាញថា ទំនាក់ទំនងរបស់លោក និង ភរិយានៅតែមានភាពរលូន ពោរពេញដោយក្ដីសុខ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖