ហុងកុង៖ មហាសេដ្ឋីហុងកុង Richard Li បានសន្យាថានឹងបរិច្ចាគ ១០ លានដុល្លារហុងកុង (១.២៨ លានដុល្លារអាមេរិក ) ដល់អ្នករាំ Mo Li ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរអំឡុងពេលការប្រគុំតន្ត្រីរបស់ក្រុម Mirror នៅ Hong Kong Coliseum កាលពីខែកក្កដា។
លើសពីនេះ លោក Richard ប្រធានក្រុមហ៊ុន PCCW ដែលជាក្រុមហ៊ុនមេរបស់អ្នករៀបចំការប្រគុំតន្ត្រី Mirror MakerVille បាននិយាយថា ក្រុមហ៊ុនក៏នឹងរ៉ាប់រងលើថ្លៃព្យាបាលរបស់ Mo ផងដែរ ក្រោយពីការប៉ះទង្គិចមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Richard បានចែករំលែកថា រូបលោកបានទៅសួរសុខទុក្ខ Mo នៅមន្ទីរពេទ្យកាលពីសប្តាហ៍មុន ហើយមានការសោកស្ដាយ ចំពោះការឈឺចាប់ដែលឧបទ្ទវហេតុបានបណ្តាលឱ្យ មានរឿងនឹកស្មានមិនដល់បែបនេះ។
ទៀតសោត ខណៈពេលដែលលោក ទទួលស្គាល់ថាជំនួយផ្នែកហិរញ្ញវត្ថុមិនអាចកាត់បន្ថយការឈឺចាប់របស់ពួកគេបាន រូបលោកសង្ឃឹមថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយពួកគេតាមគ្រប់មធ្យោបាយដែលអាចធ្វើបាន។
លោកបានបន្ថែមថា ជំនួយផ្នែកហិរញ្ញវត្ថុនឹងត្រូវបានផ្តល់ដល់គ្រួសារដោយមិនគិត ពីការរកឃើញនៃការស៊ើបអង្កេតរបស់ក្រុមការងារនោះទេ។ ទែទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ Mo បែរជាបាន «បដិសេធ» ការបរិច្ចាគមួយនេះ ចំពោះមូលហេតុរូបលោកមិនបានបញ្ចាក់នោះ ហើយក៏មិនយការផ្តល់ជំនួយផ្សេងទៀតឡើយ រហូតដល់ការស៊ើបអង្កេតបានបញ្ចប់។
គួរឲ្យដឹងថា អេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាមបានធ្លាក់លើអ្នករាំវ័យ ២៧ ឆ្នាំ នៅពេលដែលកំពុងសម្តែងនៅលើឆាកដោយបានបាក់ឆ្អឹងកងខ្នង មិនត្រឹមតែប៉ុណ្ណោះ មានហានិភ័យនៃការខ្វិនពីកចុះក្រោម ហើយគ្រូពេទ្យជឿថាមានឱកាស ៩៥ ភាគរយដែលឆ្អឹងខ្នង និងសរសៃប្រសាទរបស់លោក «មិនអាចជាសះស្បើយពេញលេញនោះទេ»៕
ប្រភព៖ https://www.8days.sg/
សូមទស្សនារូបភាពខាងក្រោម៖