បរទេស៖ តារាល្បីៗតែងតែរក្សាកិត្តិយសមិនងាយនិយាយស្ដីឬបញ្ចេញសកម្មភាពណាមួយមិនសមរម្យធ្វើឲ្យប៉ះពាល់ដល់មុខមាត់ពួកគេនោះឡើយ។ ជាពិសេសនៅមុខអ្នកសារព័ត៌មាន ឬនៅមុខមហាជន តារាល្បីៗទាំងអស់តែងតែរៀបរឹក ប្រយ័ត្នប្រយែងណាស់ ព្រោះបើសិនមានអ្វីឆ្គាំឆ្គង វាអាចបង្កឲ្យមានមតិរិះគន់កើតឡើងឬបណ្ដាលឲ្យមានរឿងធំជានឹងក៏ថាបាន។
រឿងដែលកាន់តែចៀសវាងសម្រាប់សិល្បករទៀតនោះគឺ រឿងប៉ះសម្ដីគ្នាតែម្ដង វាពិតជាអាចបង្កឲ្យមានការវិនិច្ឆ័យអំពីអត្តចរិករបស់ពួកគេ អាចឈានដល់មានការយល់ច្រឡំទៀតផង។ សិល្បករទាំងអស់ ត្រូវតែមានភាពអត់ធ្មត់ទោះជាមានរឿងអ្វីកើតឡើងត្រូវដោះស្រាយឲ្យស្ងាត់បំផុត។
ប៉ុន្តែមិនមែនតារាទាំងអស់សុទ្ធតែអាចទប់បានទេ ពួកគេក៏ជាមនុស្សដែរ ដូចនេះក៏មានពេលខ្លះទ្រាំមិនបានក៏ធ្លោយមាត់ទើសសម្ដីគ្នានៅមុខមហាជន ឃើញបែបនេះអ្នកណាក៏ដូចអ្នកណា ថតទុកចែកចាយដល់បណ្ដាញសង្គម។
១. Beyonce និង Jay-Z
កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥ Beyonce ត្រូវបានមហាជនចាប់បានថា នាងបានស្រែកថាឲ្យ Jay-Z ដែលជាប្ដីនៅក្នុងភោជនីយដ្ឋាន Sushi Park ក្នុងទីក្រុង Los Angeles ដោយសារតែ Jay-Z រវល់តែចុចទូរស័ព្ទឥតឈប់ទើបធ្វើឲ្យ Beyonce មួមៅទ្រាំមិនបាន។
២. Kim Kardashian និង អតីតស្មាមី លោក Kris Humphries
កាលពីឆ្នាំ២០១១ តារាដ៏ល្បីល្បាញរូបនេះ បានធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍ទៅលើនាងជាខ្លាំង ពីព្រោះសារព័ត៌មាន TMZ ចាប់បានថា Kim Kardashian និង អតីតស្វាមី លោក Kris Humphries កំពុងឈ្លោះប្រកែកគ្នានៅក្នុងឡាន បន្ទាប់ពីពួកគេចេញពីទទួលទានអាហារពេលល្ងាច។
៣. Simon Cowell និង Lauren Silverman
គណកម្មការក្នុងកម្មវិធី American Idol ដ៏មានឈ្មោះល្បីល្បាញ លោក Simon Cowell ក៏ធ្លាប់មានជម្លោះមួយរវាងលោកនិង Lauren ដែលជាគូស្នេហ៍។ កាលពីឆ្នាំ ២០១៤ ខែកញ្ញា ពួកគេទាំងពីរត្រូវ Camera ចាប់បានថា ស្រែកដាក់គ្នាយ៉ាងខ្លាំង ធ្វើឲ្យកក្រើកដល់អ្នកគាំទ្រតាមដានពួកគេនៅគ្រានោះ។
៤. Irina Shayk និង Bradley Cooper ជាអតីតគូស្នេហ៍
តារាបង្ហាញម៉ូដជនជាតិរុស្សី Irina Shayk និងអតីតគូស្នេហ៍ជាតារាសម្ដែង Bradley Cooper ងាកទៅកាលពីឆ្នាំ ២០១៦វិញ កំឡុងពេលពួកគេកំពុងនៅក្នុងកម្មវិធី Wimbledon Men's Final គេចាប់សកម្មភាព Bradley បាននិយាយអ្វីមួយខ្សឹបៗក្បែរត្រចៀក Irina បន្ទាប់មកនាងបានយំហើយងើបដើរចេញ។ ទោះបីជា Bradley មិនបង្ហាញទង្វើឆ្គងអ្វីក៏ដោយ ក៏គេចមិនផុតពីភ្នែក Camera បានដែរ៕
ប្រភព៖ Nicki Swift