រាជធានីភ្នំពេញ៖ពុកម៉ែបងប្អូនមហាជនជាច្រើន បានជ្រាបរួចមកហើយរឿងរ៉ាវក្តីក្តាំង បាញ់ទឹកចោទគ្នាទៅវិញមករវាង លោកស្រី ថៅកែមាសចិត្តធម៍ ទ្រី ដាណា និងស្វាមីរបស់លោកស្រី ពូម៉ៅ។
កន្លងមកថ្មីនេះពូម៉ៅ ធ្លាប់បានអះអាងថា លោកស្រី ទ្រី ដាណា ឱ្យតម្លៃរូបលោកជាស្វាមី មិនស្មើនឹងជំនួយការរបស់លោកស្រីនោះទេបើទោះបីជាលោកធ្លាប់បានតស៊ូជម្នះប្រកបរបររកស៊ីជាមួយគ្នារហូតមានបានដល់សព្វថ្ងៃនេះ។តែចុងក្រោយ លោកស្រី ទ្រី ដាណា ពោលពាក្យថា លោកស្រី កាន់តែសប្បាយចិត្តហើយជប់លៀងឱ្យល្បីពេញប្រទេស ប្រសិនបើលះលែងជាមួយស្វាមី ពូម៉ៅ។
ដោយឡែកនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា បានបើកកកាយទម្លាយរឿងរ៉ាវមួយឡើងខ្ទេចខ្ទីទាំងរឿងដែលគ្រួសារខាងពូម៉ៅ មើលងាយមើលថោកចំពោះលោកស្រី។
មិនតែប៉ុណ្ណោះនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា ហែកកកាយរឿងផ្ទៃក្នុងរបស់លោកស្រី ដោយគ្មានលាក់លៀមមួយម៉ាត់នៅទេដោយលោកស្រី បានបញ្ជាក់ថា បញ្ហាចម្បងនាំមានជម្លោះក្នុងគ្រួសារនេះ មកពីបញ្ហាខាងសាច់ថ្លៃខាងពូម៉ៅមិនដែលគិតគូរជួយគ្រួសារខាងស្វាមីនោះទេ។
ទន្ទឹមនោះលោកស្រី បានទម្លាយប្រាប់មហាជនដែលកំពុងទស្សនានូវការឡាយរបស់លោកស្រី រាប់ម៉ឺននាក់ថាលោក ហ៊ីង បញ្ញារិទ្ធ ហៅពូម៉ៅ ជាស្វាមីនេះ ធ្លាប់បានប្រើអំពើហិង្សាវាយលោកស្រី ជាច្រើនដងក្រោយមក លើកចុងក្រោយ គឺពូម៉ៅ បានវាយលោកស្រី នៅខេត្តសៀមរាប ហើយថែមទាំងមានវីដេអូជាភស្តុតាងផងដែរ។
តែយ៉ាងណាលោកស្រី ទ្រី ដាណា បញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ ថា លោកស្រី ឆ្អែតចិត្តនិងសុំកុំឱ្យជួបស្វាមីប្រភេទហ្នឹង និងស្បថឈប់ប្រាថ្នាចង់បានស្វាមីជារៀងរហូត។
អ្វីដែលសំខាន់នោះលោកស្រី ទ្រី ដាណា ផ្ញើសារចុងក្រោយប្រាប់ឱ្យពូម៉ៅ បញ្ចប់រឿងក្តីក្តាំងទាំងនេះត្រឹមប៉ុណ្ណឹងចុះ បើមិនដូច្នេះទេ លោកស្រី នឹងបញ្ចេញភស្តុតាងតែម្តង៕