រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំបន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណាប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
សូមបញ្ជាក់ថា កីឡាការិនី អ៊ុក ស្រីមុំបានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេងក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១។
ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរកីឡាការិនីអ៊ុក ស្រីមុំ កាលពីខែវិច្ឆិកា ឆ្នាំ២០២១គឺជាការទទួលបានមេដាយមាសកម្រិតពិភពលោក៥សម័យកាលជាប់គ្នា សម្រាប់កីឡាការិនីកម្ពុជាលើការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុ។ ក្នុងនោះវីរកីឡាការិនី កែ ឡេងធ្លាប់ឈ្នះ ៤សម័យកាលរួមមាន៖ ឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥នៅថៃ, ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ នៅប្រទេសកម្ពុជា។ ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរកីឡាការិនីអ៊ុក ស្រីមុំ ជាការបំបែកកំណត់ត្រាពិភពលោកនៃការបន្តឈ្នះរបស់កម្ពុជាចំនួន៥សម័យកាលបន្ទាប់ពីលោកស្រី កែ ឡេង ដោយមិនទាន់មានកីឡាការិនីប្រទេសណាដណ្តើមពីកម្ពុជាបានឡើយ។
សូមរំលឹកផងដែរថា ការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុនៅប្រទេសអេស្បាញបានដំណើរការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ កីឡាការិនី អ៊ុក ស្រីមុំបានបញ្ចប់ការប្រកួតជម្រុះបឋមលើវិញ្ញាសាវាយយកពិន្ទុ ដោយឈរចំណាត់ថ្នាក់លេខ៣ក្នុងចំណោមកីឡាការិនីខ្លាំងៗលើពិភពលោក ៣៦រូប។
បន្ទាប់មកកីឡាការិនី អ៊ុក ស្រីមុំបានទម្លាក់កីឡាការិនីកាណាដា ក្នុងវគ្គ ៨នាក់ចុងក្រោយ ដោយពិន្ទុ ២៩-២និងទម្លាក់កីឡាការិនីន័រវេស ដោយពិន្ទុ ២៥-១៨ មុនបន្ដយកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ៣៧-២៩ ដើម្បីក្លាយជាម្ចាស់មេដាយមាសតែម្ដង។ រីឯវិញ្ញសាក្រុមនារី ៣ ទល់ ៣ក្រុមប៉េតង់កម្ពុជា បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
ក្នុងនោះ វីរកីឡាការិនី អ៊ុក ស្រីមុំក៏ធ្លាប់ដណ្តើមបានមេដាយមាសពិភពលោកកាលពីឆ្នាំ២០១៧ផងដែរ តែ លើវិញ្ញាសាឯកត្តជន។កីឡាប៉េតង់នេះ វីរកីឡាករ សុខ ចាន់មានក៏ធ្លាប់ដណ្តើមបានមេដាយមាសកម្រិតពិភពលោកនេះផងដែរលើវិញ្ញាសាឯកត្តជន។
សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករកីឡាការិនី ដែលជាតំណាងរបស់ជាតិ។ ដើម្បីលើកទឹកចិត្តដល់កីឡាករ និងកីឡាការិនីដែលបានប្រឹងប្រែងហ្វឹកហាត់នោះ សម្តេចតេជោ បានចេញអនុក្រឹត្យដោយកំណត់ផ្តល់ប្រាក់រង្វាន់ប្រមាណ៤០លានរៀល សម្រាប់កីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយកម្រិតពិភពលោកលើការប្រកួតប៉េតង់នេះ៕