កម្សាន្ត៖ ថ្មីៗនេះ មហាជនដែលពេញនិយមលេងបណ្ដាញសង្គមកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងទៅលើផ្លែដំបងយក្សបាតដៃ។ ដំបងយក្សបាតដៃឬប្រទាលបាតដៃត្រូវបានមហាជនមួយចំនួនយកមកបរិភោគលេងដូចទៅនឹងផ្លែឈើទូទៅដែរ។
ប្រទាលប្រភេទនេះទើបតែទាក់ទាញចំណាប់អារម្មណ៍នាពេលថ្មីៗនេះឯង ដែលពីមុនមកមិនមានអ្នកណាយកមកធ្វើជាអាហារនោះទេភាគច្រើនគេស្គាល់វាថាជាឪសថព្យាយាមជម្ងឺផ្សេងៗ។ ប្រទាលដែលមានបន្លានេះជាប្រភេទដំបងយក្សហើយវាមានប្រភពដើមមកពីទ្វីបអាមេរិក។
តាមប្រភពបានឲ្យដឹងថា ដំបងយក្សបាតដៃនេះមានពីរប្រភេទដែលមានរូបរាងដូចគ្នាបេះបិតអាចនឹងមើលច្រឡំឬច្រឡំយកបរិភោគធម្មតា។ រុក្ខជាតិទាំងពីរដែលដូចគ្នានេះ មួយគឺមានឈ្មោះថា Opuntia ficus-indica ដែលគេអាចបរិភោគបាន និងមួយទៀត Opuntia cochenillifera ប៉ុន្ដែវាមិនរាប់ថាជាប្រភេទហូបផ្លែនោះទេ។
ដំបងយក្យបាតដៃប្រភេទ Opuntia ficus-indica ជារុក្ខជាតិហូបផ្លែដែលវាមានភាពពេញនិយមនិងជាផលិតផលចេញយ៉ាងសំខាន់នៅប្រទេសមិកស៊ិកកូ និងប្រទេសឈីលី។ ប្រទាលនេះអាចមានកម្ពស់រហូតដល់៥ម៉ែត្រ មានសន្លឹកធំ ប្រវែងពី៣០ទៅ៤០សង់ទីម៉ែត្រ ទំហំពី១៨ទី២៥សង់ទីម៉ែត្រ ផ្ការីកមាន៣ពណ៌ ស លឿង ក្រហម។ ឯផ្លែមានទំហំធំដូចគ្នា គឺមានប្រវែងរហូតដល់១០សង់ទីម៉ែត្រ និងទំហំ៩សង់ទីម៉ែត្រ។ ទាំងសន្លឹកនិងផ្លែសុទ្ធសឹងតែប្រើប្រាស់ជាអាហារបរិភោគបាន។
ចំណែកឯកប្រភេទ Opuntia cochenillifera ដែលមានរូបរាងដូចទៅនឹងប្រភេទខាងលើដែរ ប៉ុន្ដែវាមិនអាចបរិភោគបាននោះទេ វាត្រូវបានគេយកធ្វើជាថ្នាំឪសថឬម៉្យាងទៀតគេយកវាទៅចិញ្ចឹមសត្វល្អិតជាដើម។ ប្រទាលប្រភេទនេះមានដើមកម្ពស់ពី៣ ទៅ ៤ម៉ែត្រ សន្លឹកមានទំហំ២០សង់ទីម៉ែត្រ ផ្កាមិនរីកទេតែមានកញ្ចុំកេសរលូតមកក្រៅ ឯផ្លែមានប្រវែង៣ទៅ៥សង់ទីម៉ែត្រ ទៅទំហំ២.៥ទៅ៥សង់ទីម៉ែត្រ៕
ប្រភព៖ Diamond Realty